ស្ដ្រីភ្ញៀវទេសចរម្នាក់បង្ហោះសារបង្ហាញពីក្តីរំភើប រហូតសម្រក់ទឹកភ្នែក បន្ទាប់ពីកម្ពុជាឲ្យកប៉ាល់ Westerdamឲ្យចូលចត

0
728

ព្រះសីហនុ ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកប៉ាល់ដែលកំពុងផ្ទុកមនុស្សជាង ២ពាន់នាក់ចូលសំចតនៅកំពង់ផែអន្ដរជាតិ ខេត្តព្រះសីហនុ ស្ដ្រីភ្ញៀវទេសចរម្នាក់ស្ថិតនៅលើកប៉ាល់ Westerdam បានបង្ហោះសារចេញពីបេះដូងរបស់គាត់ នៅលើបណ្ដាញសង្គម Twitter បង្ហាញនូវក្ដីរំភើបឥតឧបមារហូតសម្រក់ទឹកភ្នែក។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ស្ដ្រីជនជាតិបរទេសរូបនេះ ទំនងជាមន្ដ្រីបម្រើការងារផ្នែកទំនាក់ទំនងការថែទាំសុខភាពម្នាក់ នៅក្នុងប្រទេសរបស់ខ្លួន បានយកក្រម៉ាដែលផ្ដល់ជូនដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង់ក និងថតស្វែលហ្វី បង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយថ្លែងអំណរគុណយ៉ាងពន់ពេកចំពោះប្រទេសកម្ពុជា សម្រាប់ការជួយអន្ដរាគមន៍ឲ្យកប៉ាល់ទេសចរណ៍ Westerdam បានចូលចត ក្នុងដំណាក់កាលដែលពួកគេទាំងអស់កំពុងតែប្រឈមនឹងបញ្ហាដ៏លំបាកមួយនេះ។

ស្រ្តីទេសចរ Christina Kerby បានបង្ហោះសារយ៉ាងដូច្នេះថា «ពួកយើងកំពុងពាក់ក្រម៉ាប្រពៃណីដែលជាកាដូពីកម្ពុជា។ ខ្ញុំរំភើបឡើងចេញទឹកភ្នែក ព្រោះតែការគាំទ្រវាលើសលុបខ្លាំងពេក»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កាដល់អ្នកទេសចរផងដែរ។

ថ្លែងទៅកាន់អ្នកទេសចរណ៍ និងអ្នកនៅលើនាវាទាំងអស់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើទោះបីជានៅក្នុងកប៉ាល់ WESTERDAM មានអ្នកផ្ទុកមេរោគកូរ៉ូណាក៏ដោយ ក៏ត្រូវតែអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដែរ ហើយត្រូវចូលចតឲ្យបាន លឿនបំផុតទៀតផង ព្រោះអ្នកជំងឺចាំបាច់ត្រូវព្យាបាល និងជួយសង្រ្គោះអាយុជីវិតមនុស្សជាបន្ទាន់ ដោយមិនអាចទុកឲ្យអ្នកដំណើរទាំងអស់គ្នា នៅកប៉ាល់ស្លាប់នៅកណ្តាលសមុទ្រនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះមិនមែនជាពេលវេលាដែលត្រូវភ័យខ្លាច និងជាពេលវេលាត្រូវរើសអើងនោះទេ តែជាពេលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬ Covid-19 ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងអ្នកដ៏ទៃ ឬប្រទេសដ៏ទៃអាចយល់ថា ចុះបើមានជំងឺកូរ៉ូណានេះនៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មូលហេតុនៅត្រង់ថា ប្រសិនមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា»៕

Facebook Comments
Loading...