កំលោះ​ម្នាក់ជិត​ចូល​រោងការទៅហើយ នាំគូដណ្តឹងទៅ​ជីក​ដី​ធ្វើឡធ្យូង​ត្រូវដី​បាក់​សង្កត់​ស្លាប់ យ៉ាង​អាណោចអាធ័ម

0
785

សៀមរាប ​៖ ​​កូន​កំលោះ​ជិត​ចូល​រោងការទៅហើយ នាំគូដណ្តឹងទៅ​ជីក​ដី​ធ្វើ ឡធ្យូង​ខ្វះ​ការប្រុងប្រយ័ត្ន បណ្ដាល​ឲ្យ​បាក់​សង្កត់​ស្លាប់ យ៉ាង​អាណោចអាធ័ម​ ដែលហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង ១២ និង ៣០​នាទី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ ត្រាំ​កង់ ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប។

សមត្ថកិច្ច​បន្ត​ថា ​ជនរងគ្រោះ​ឈ្មោះ ណិ​ត ចាប ភេទ​ប្រុស ២៣​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ ជ្រាប​ចាស់ ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មុខ​របរ​កសិករ។ បច្ចុប្បន្ន​រស់នៅ​( គោក​ត្រ​ម៉េង​)​ភូមិ ត្រាំ​កង់ ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប​។

សមត្ថកិច្ច​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១២ កុម្ភៈ​ឆ្នាំ​២០២០ ជនរងគ្រោះ បាន​នាំ​គូរ​ដណ្ដឹង​របស់​ខ្លួន ដែល​នឹង​រៀបការ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២០ ខាងមុខនេះ ទៅ​ជីក​ដី​ដំបូក​យក​មក​ធ្វើ​ឡ​ដុត​ធ្យូង នៅ​ចំណុច​គោក​ស្រែ​សា​ម៉ ខាងជើង​ភូមិ​ចម្ងាយ១០០០​ម៉ែត្រ ខណៈកំពុងតែជីកនោះស្រាប់តែ​ដី​បាក់​ធ្លាក់​សង្កត់​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​តែ​ម្តង។

សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់ពីទទួល​បាន​ព័ត៌មាន​​នេះ ​ប៉ុស្តិ៍​រដ្ឋបាល​ស្លែង​ស្ពាន បាន​ចុះទៅ​កន្លែង​កើត​ហេតុ ដើម្បី​​ធ្វើ​កោសល្យវិច័យ និង​បាន​ពិនិត្យ​ឃើញ​ថា សាកសព ឈ្មោះ ណិ​ត ចាប ភេទ​ប្រុស អាយុ២៣ឆ្នាំ ​​ពិតជា​ដី​បាក់​សង្កត់​ពិតប្រាកដ​មែន។ បន្ទាប់ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រួច​ហើយ ​ក៏​ប្រគល់​សព​ឲ្យ​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

Facebook Comments
Loading...