ការសម្ដែងសិល្ប:រួមគ្នារវាងវប្បធម៌ខ្មែរ និងវប្បធម៌ជប៉ុនគឺដើម្បីបន្ដពង្រឹងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ

0
2532

សៀមរាប ៖ ក្រុមសិល្បករប្រទេសកម្ពុជា និងប្រទេសជប៉ុន បានសហការគ្នាសម្ដែងសិល្ប:រួមគ្នា ដើម្បីសិក្សាស្វែងយល់ពីវិស័យសិល្ប: វប្បធម៌ខ្មែរ និងវប្បធម៌ជប៉ុន និងដើម្បីបន្ដពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីរវាងប្រទេសទាំងពីរ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាផងដែរ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងសាលាបរិស្ថានមេត្រីវិទ្យាល័យពួកខេត្ដសៀមរាប។

លោក អោម សុផាណា នាយកប្រតិបត្ដិអង្គការម្លប់បៃតង បានមានប្រសាសន៍ថា កម្មវិធីសម្តែងសិល្ប:ខ្លះៗ រវាងប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុននេះ ពិតជាទទួលបាននូវ ចំណីអារម្មណ៍ថ្មី ប្លែកដែលពុំទាន់ធ្លាប់បានទស្សនាពីមុនមក ដោយមានចំរៀងជាភាសារជប៉ុន ចំរៀងចាប៉ីដងវែង ការសម្ដែងក្បាច់គុនល្បុក្កតោនិងនិទានរឿងជាដើម ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ នៅខេត្ដនេះ សិក្សាស្វែងយល់ពីវប្បធម៌ និងផ្ដល់បទពិសោធន៍ដល់គ្នាទៅវិញទៅមករវាងវប្បធម៌ នៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ដៃគូកម្ពុជានឹងបន្តពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហការរៀបចំកម្មវិធីសិល្ប:ប្រហាក់ប្រហែលគ្នានេះ ជាមួយដៃគូ និងមិត្តភក្តិមកពីប្រទេសជប៉ុនបន្តសហការគាំទ្រការសម្ដែងសិល្ប:ទាំងនៅខេត្តសៀមរាប ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ដើម្បីបង្ហាញពីសុខដុមនៃប្រទសកម្ពុជាដល់ពិភពលោកផងដែរ។

ចំណែកលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក ខេត្ដសៀមរាប មានប្រសាសន៍ថា ចំណងមិត្ដភាព រវាងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាមួយប្រទេសកម្ពុជា ជាមិត្តភក្តិនឹងគ្នាជាច្រើនសម័យកាលមកហើយ ដោយមានការផ្តល់ជំនួយយ៉ាងច្រើនក្នុងមួយឆ្នាំៗ ជួយកសាង និងអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោះមីន និងវិស័យអប់រំដល់ប្រទេ​សកម្ពុជាផងដែរ ជាមួយនោះប្រទេសជប៉ុនក៏បានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សារៀនសូត្រនៅប្រទេសនោះថែមទៀតផង។

លោកស៊ិន ចាន់ថុល បានបន្ដថា ការសម្ដែងសិល្ប:រួមគ្នាននេះ វាជាផ្នែកមួយ នៃរឹតចំណងមិត្ដភាពបន្ថែមទៀតរវាងវប្បធម៌ខ្មែរ និងវប្បធម៌ជប៉ុន។ តាមរយ: ការសម្ដែងសិល្ប:នេះក៏អាចទាក់ទាញអ្នកទេសចរពីប្រទេសជប៉ុនមកប្រទេសកម្ពុជា បានកាន់តែច្រើនថែមទៀតផងដែរ៕

Facebook Comments
Loading...