ភ្នំពេញ ៖ កីឡាករកូយ ឡាយ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១កៀកស្មានិងកីឡាករជើងខ្លាំងគីឡូស្រាលខាំ ខ្លានាង អ្នកប្រដាល់របស់ក្លិបរហាប់ស្វាយប៉ាក ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃរិទ្ធអៃយ៉ារ៉ា និងកីឡាករថៃដាំងកាន់វ៉ាន នៅលើសង្វៀនCNC នាថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
កីឡាករកូយ ឡាយ ត្រូវជួបជាមួយកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។
រីឯកីឡាករស្រករក្រោយកូយ ឡាយ គេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេសស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយកូយ ឡាយ បើហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កូយ ឡាយ មិនត្រឹមតែមានស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ សម្រាប់ការជួបគ្នារវាង កូយ ឡាយ និងថៃរិទ្ធអៃយ៉ារ៉ា នេះមិនមាននរណាហ៊ានទស្សទាយមុនថានរណាជាអ្នកទទួលបានជ័យជម្នះនោះឡើយ ព្រោះកីឡាករថៃជាកីឡាករដែលទើបមកវាយនៅសង្វៀនស្រុកខ្មែរ។ ចាំមើលរវាងកូយ ឡាយ និងរិទ្ធអៃយ៉ារ៉ា នរណាជាអ្នកឈ្នះ?។
ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេនិងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះដាំងកាន់វ៉ាន ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះក៍ធ្លាប់មកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ហើយថ្មីៗនេះទើបនិងយកឈ្នះលើកីឡាករហ៊ីម សេរី ទៀតផង។
ខាំ ខ្លានាង គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយដូចគ្នា ដែលអ្នកតាមដានកីឡាប្រដាល់កម្ពុជាកំពុងតែចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់កីឡាកររូបនេះ ដែលឡើងប្រកួតម្តងៗធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀតខ្លាំងទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជាបន្តបន្ទាប់ទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើងប្រកួតឈានដល់គូរឯក និងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ។ ចាំមើលរវាងខាំ ខ្លានាង និងកីឡាករថៃដាំងកាន់វ៉ាន នេះនរណាជាអ្នកឈ្នះ?៕