សាកលវិទ្យាល័យ Excelpolitan University នៅខណ្ឌសែនសុខ ជាកន្លែងប្រមូលផ្តុំជនជាតិចិនប្រព្រឹត្តបទល្មើសល្បែងតាមអ៊ីនធឺណិត និងស្នាក់នៅខុសច្បាប់

0
1968

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិនសរុប១០៥នាក់ មានស្រី១០នាក់ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និង បើកល្បែងតាមអ៊ឺនធឺណិត កាលពីយប់ថ្ងៃទី៩ ខែកញ្ញា។

សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការចាប់ខ្លួនជនជាតិចិនទាំង១០៥នាក់នេះ ត្រូវបានធ្វើឡើងក្នុងអគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនទាំងអស់នេះ មានបំពាក់ផ្លាកយីហោសាកលវិទ្យាល័យ “Excelpolitan University” ប៉ុន្ដែធាតុពិតទីតាំងនេះ បើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ទៅវិញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត កុំព្យទ័រលើតុ DeskTop ចំនួន៨០គ្រឿងផងដែរ។

ជនជាតិដែលសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ មានខ្លះពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ និងខ្លះទៀត ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងតាមអ៊ឺនធឺណិត។ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការបន្ដតាមច្បាប់៕

 

Facebook Comments
Loading...