ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបើកកិច្ចប្រជុំសមញ្ញលើកទី២អណត្តិទី៣

0
1053

ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានបើកកិច្ចប្រជុំសមញ្ញលើកទី២អណត្តិទី៣របស់ខ្លួននាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះនៅសាលាខណ្ឌ ដោយមានការចូលរួមពីលោកម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកជា ខេម៉ា អភិបាលរងនៃគណៈអភិខណ្ឌព្រែកព្នៅ។

កិច្ចប្រជុំដែលមានសមាជិកក្រុមប្រឹក្សាចំនួន១៧រូបនេះ បានធ្វើការត្រួតពិនិត្យនិងអនុម័ត សេចក្ដីព្រាងកំណត់ ហេតុនៃកិច្ចប្រជុំសមញ្ញលើកដំបូង របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អណត្តិទី៣ កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩។ ពិនិត្យនិងអនុម័តសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសមញ្ញរយៈពេល១២ខែ អណត្តិ ទី៣  របស់ខ្លួន។ ពិនិត្យនិងអនុម័តសេចក្ដីព្រាងបទបញ្ជាផ្ទៃក្នុង ដែលមាន១១ជំពូក និង ៥៤មាត្រា។

លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌមានប្រសាសន៍ថា បន្ទាប់ពីការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌជាផ្លូវការហើយ ក្រុមប្រឹក្សាខណ្ឌនឹងមានការងារ ច្រើនដែលត្រូវធ្វើ។ ជាមួយនេះទាំងក្រុមប្រឹក្សាខណ្ឌ ទាំងគណៈអភិបាល មន្ដ្រីជំនាញ នគរបាលមូលដ្ឋាន កងរាជធាវុធហត្ថ ត្រូវបំពេញ ភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបំរើផល ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។

ចំណែកលោក ជា ខេម៉ា បានមានប្រសាសន៍ផងដែឬថាក្នុងនាមអាជ្ញាធរការងារជាអាទិភាពដំបូងបំផុត គឺសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន ដូចនេះតាមសង្កាត់ និមួយៗ ខណ្ឌបានយកចិត្តទុកដាក់ក្នុងការជម្រុញ ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ជាប់ជាប្រចាំ ដើម្បីរក្សា បាននូវសេចក្ដីក្សេមក្សាន្ដ ជូនដល់ប្រជាពលរដ្ឋ។​ យកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជួយដោះស្រាយនិងសម្របសម្រួល ពេលដែលបងប្អូនមានបញ្ហាផ្សេងៗ គ្រោះទុរ្ភិក្ស ឬគ្រោះធម្មជាតិជាដើម។ ជាមួយនេះខណ្ឌក៏បានជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាពរស់នៅរបស់ប្រជពលរដ្ឋ។

គួរបញ្ជាក់ថាខណ្ឌព្រែកព្នៅមាន៥សង្កាត់ គឺសង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង សង្កាត់គោករការ និងសង្កាត់ពន្សាំង មានប្រជាជនសរុប ប្រមាណ៧ម៉ឺននាក់ ដោយសារផ្ទៃដីខណ្ឌមានវិសាលភាពធំទូលាយ​ជាង១២០គីឡូម៉ែត្រក្រឡា ស្ថានភាពបែបនេះធ្វើឲ្យមាន ការលំបាកក្នុងការគ្រប់គ្រង តែទោះជាយ៉ាងណា រដ្ឋបាលខណ្ឌ នៅបន្ដខិតខំប្រឹងប្រែង រួមគ្នា គិត រួមគ្នាធើ្វ ដើម្បីបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និង សង្គមជាតិ៕

Facebook Comments
Loading...