អំពើពុករលួយ ទាំងតូច ទាំងធំ គឺសុទ្ធតែបង្កើតឡើងនូវបច្ច័យអាក្រក់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដូចគ្នា

0
963

ភ្នំពេញ ៖ អំពើពុករលួយ ទាំងតូច ទាំងធំ គឺសុទ្ធតែបង្កើតឡើងនូវបច្ច័យអាក្រក់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដូចគ្នា វាធ្វើឲ្យប៉ះពាល់ ដល់ការលើកកម្ពស់កម្រិត ជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

នៅទីណាក៏ដោយ បើមានអំពើពុរលួយ នៅទីនោះនឹងមានការយឺតយ៉ាវក្នុងការអភិវឌ្ឍន៍ ទាំងនេះគឺជាការលើកឡើងរបស់លោកឯវ ភិរម្យ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ACU នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនិងច្បាប់ស្ដីពីវិសោធន៍កម្មច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះនៅសាលាខណ្ឌព្រែកព្នៅ។

លោកឯវ ភិរម្យ បានលើកឡើងថាកិច្ចការនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តន៍យ៉ាងស្វាហាប់ ក្នុងការលើកកម្ពស់ការយល់ដឹង រាល់ទិដ្ឋភាពនៃអំពើពុករលួយគ្រប់រូបភាព មូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលមកពីអំពើពុករលួយ ក្នុងន័យលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់សាធារណៈជន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យមានប្រសិទ្ធភាព។

លោកបានបន្តថា ជាតថភាព ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានច្បាស់លាស់ របស់មនុស្សទាំងអស់ ដែលជាសមាជិកសង្គម នឹងធ្វើឲ្យសង្គមជាតិទាំងមូល មានភាពស្អាត ស្អំ មានសមធម៌ មានយុត្តិធម៌ និងមាននីតិរដ្ឋពេញលេញ។ ក្នុងករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តចាត់ វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តនូវភារកិច្ចរបស់ខ្លួន ដើម្បីបន្តលើកទឹកចិត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការធ្វើឲ្យពួកគាត់បំពេញនូវភារកិច្ចដែលជាកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយសេចក្ដីថ្លៃថ្នូរ មានសីលធម៌វិជ្ជា ជីវៈ និងការទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានផ្ដាំផ្ញើដល់ មន្ដ្រីរាជការទាំងអស់ សម្រាប់ ការងារប្រចាំថ្ងៃក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ សូមអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន នូវ៣មិនគឺ មិនយកលើសពីច្បាប់បានកំណត់ មិនយកខ្វះ និង មិនយកអ្វីដែលមិនត្រូវយក។ពេលយកប្រាក់ពីពីសេវាអ្វី១ ត្រូវធ្វើវិក័យបត្រព្រោះវិក័យបត្រគឺជាអាវក្រោសសម្រាប់ការពាខ្លួន។ ពេលផ្ដល់សេវា មិនត្រូវទាមទារប្រាក់ឬទទួលប្រាក់ ពីប្រជាពលរដ្ឋដោយច្បាប់មិនបានកំណត់  ទាំងផ្ទាល់និងដោយប្រយោល គឺសុទ្ធតែខុសទាំងអស់ ។

គួរបញ្ជាក់ថាច្បាប់ប្រឆាំងអំពើពុករលួយដែលបានផ្សព្វផ្សាយនៅសាលាខណ្ឌព្រែកព្នៅ នាព្រឹកម៉ិញនេះមាន៩ជំពូក ៥៧មាត្រា និង វិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ មាន២មាត្រា ដោយត្រូវបានបន្ថែម មាត្រា១០ស្ទួនកែប្រែមាត្រា១៦ និងលុបមាត្រា៥៧នៃច្បាប់ប្រឆាំងអំពើពុករលួយដែលបានប្រើតាំងពីខែមេសាឆ្នាំ២០១០មកម្លេះ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនិងច្បាប់ស្ដីពីវិសោធន៍កម្មច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ នេះ មានការចូលរួមពីមន្ដ្រីរាជការ ថ្នាក់ខណ្ឌ សង្កាត់ ភូមិ ប្រមាណ២៥០ និងមានការអញ្ជើញចូលរួម លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅផងដែរ៕

Facebook Comments
Loading...