លោកយិន អ៊ីម ដឹកនាំក្រុមការងារចុះដាក់ប្រព័ន្ធលូ និងពង្រីកផ្លូវ៤៩ មានប្រវែងជាង៥០០ម៉ែត្រ

0
1174

ភ្នំពេញ ៖ លោកយិន អ៊ីម ចៅសង្កាត់សំរោងដឹកនាំក្រុមការងារ ចុះដាក់ប្រព័ន្ធលូ និងពង្រីកផ្លូវ៤៩ មានប្រវែងជាង៥០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥ ទៅទល់និងផ្លូវ១៥១ ឆ្លងកាត់ភូមិ៣គឺភូមិសំរោងជើង ភូមិសំរោងកណ្តាល និងភូមិសំរោងត្បូង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

លោកយិន អ៊ីម មានប្រសាសន៍ថា អនុវត្តតាមគោលការណ៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យក្រុមការងារ បន្តរួមចំណែក កសាងនិងស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ។ ជាក់ស្ដែង ក្រុមការងារចុះជួយសង្កាត់សំរោង រួមជាមួយ អាជ្ញាធរ សង្កាត់ ព្រះសង្ឃ និងសប្បុរសជន បានមូលមតិគ្នាដំណើរការ ដាក់ប្រព័ន្ធលូ និងពង្រីកផ្លូវ១ខ្សែ ប្រវែងជាង៥០០ម៉ែត្រ នៅភូមិសំរោងជើង ភូមិសំរោងកណ្ដាល និងភូមិសំរោងត្បូង ដើម្បីបញ្ជៀសការដក់ទឹក នៅក្នុងតំបន់នេះ ដែលជាហេតុនាំឱ្យឆាប់ខូចផ្លូវបេតុងដែលមានស្រាប់ ក៏ដូចជាពង្រីកបន្ថែមនូវកំណាត់ផ្លូវមួយខ្សែនេះឱ្យបានធំទូលាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបន្តថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ។

ចៅសង្កាត់បានបន្តទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ៕

Facebook Comments
Loading...