សាលាខណ្ឌព្រែក​ព្នៅ​​និមន្តព្រះសង្ឃសូត្រមន្តនាឱកាសឆ្នាំថ្មី ដើម្បីបួង​សួងសុំសេចក្តីសុខ

0
1143

ភ្នំពេញ ​៖​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ នឹងចូលមកដល់ខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះ​សាលាខណ្ឌព្រែក​ព្នៅ​បាន​និមន្តព្រះសង្ឃចំនួន៥ព្រះអង្គ សូត្រមន្តប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្រោមអធិប​តីភាព​លោក សុខ សម្បតិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីថ្នាក់ខណ្ឌ ព្រមទាំង​សង្កាត់ ជាច្រើនរូបទៀតផងដែរ​។

បន្ទាប់ពីព្រះសង្ឃសូត្រមន្ត ចំរើនព្រះបរិទ្ធទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​ រុងរឿង​នៃ​យើង ដើម្បីជា​ការ​លើករាសី​នាំមក​នូវ​សេចក្តីសុខសិរី​មង្គល សប្បាយ​រុងរឿងដល់​មន្ត្រី​គ្រប់ៗ​គ្នាផងនោះ មន្ត្រីទាំងអស់បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ប្រកប ដោយ​ក្តី​សទ្ធា​ជ្រះថ្លា​តាមរយៈ​ព្រះសង្ឃ​ជា​ស្រែបុណ្យ​ ជូនញាតិការទាំង៧សណ្តាន ដែលបានចែក​ឋានទៅបរិលោកហើយនោះ ព្រមទាំងជូន​ចំពោះដួង​វិញ្ញាណក្ខន្ធ​ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ កង​កម្លាំង​នគរបាល​ជាតិ​ដែល​បាន​បាត់បង់​អាយុជីវិត​ក្នុង​បុព្វហេតុ​ការពារ ប្រ​ទេសជាតិ​មាតុភូមិ ទាំងអស់កន្លងមក សូមមកទទួលនូវបុណ្យកុសល ដែលមន្ត្រីសាលាខណ្ឌព្រែកព្នៅបានឱទិស​ឲ្យ​នា​ពេលនេះ ហើយ​សុំ​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់​នោះ​បាន​រំដោះ​រួច​ចាក​ផុតពី​ កម្មពៀរ​វេរា​ទាំង​ឡាយ ទាំងពួងនិង​បាន​ទៅ​សោយសុខ​ដល់​ឋាន​សុខគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

ក្នុងពិធីនេះផងដែរ​ក៏បាន​ឧទ្ទិស​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​យាង​មក​គ្រប់គ្រង​ថែរក្សា​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជាក្នុងឆ្នាំ២០១៩នេះ សុំជួយ​ប្រោះ​ព្រំ​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី បវរ​ប្រសើរ ជូន​ចំពោះ​លោកអភិបាលខណ្ឌ និងមន្ត្រីថ្នាក់​ខណ្ឌ ព្រមទាំង​សង្កាត់ ជាច្រើនរូបទៀត សូម​ឲ្យ​ទទួល​បាន​នូវ​សិរី​សួស្ដី​ជ័យ​មង្គល​ និង​វិបុល​សុខ​ ដោយសូមឲ្យ​បំ​ពេ​ញភារកិច្ចឲ្យបានជ័យជំនះគ្រប់ៗគ្នា និងសូមឲ្យទទួលបាននូវពុទ្ធ​ពរ​ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់ពីកម្មវិធីសូត្រនិមន្តចំរើនព្រះបរិតរួច សាលាខណ្ឌព្រែកព្នៅក៍មានរបាំក្រុដជូនពរដល់មន្ត្រីទាំងអស់ យ៉ាងសប្បាយរីករាយផងដែរ៕

Facebook Comments
Loading...