ភ្នំពេញ ៖ ក្នុងឱកាសមុន បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ មន្ដ្រីបុគ្គលិកតាមស្ថាប័ន អង្គភាព បណ្ដាក្រុមហ៊ុននានា ក៏ដូចជា ប្រជាពលរដ្ឋខ្មែរទូទៅ តែនិមន្ដព្រះសង្ឃសូត្រមន្ដ ជយន្ដោលើករាសី មិនដែលអាក់ខានឡើយ។
ដោយឡែកនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ លោក យិន អ៊ីម ប្រធានក្រុមប្រឹក្សាសង្កាត់ និងភរិយា រួមនិង សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មន្ដ្រីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋ ១ចំនួនផង ក៏បានរៀបចំ ពិធីសូត្រមន្ដ ចំរើនព្រះបរិត្តនេះដែរ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ព្រះនាម ធុង្សៈ ទេវី ដែលនឹងចូលមកគ្រប់គ្រង បន្ត ពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។
ជាមួយនឹងការគោរពប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីពីដូនតា កម្មវិធីនេះក៏ដើម្បីឲ្យអ្នកចូលរួមទាំងអស់ សម្រួម កាយ វាចា ចិត្ត ជម្រុះចោលនូវអ្វីដែលជាគ្រឿងសៅហ្មងទាំងពួង ចាប់យកតែរឿងល្អ ប្រព្រឹត្តិនូវ អំពើល្អ ជាប្រយោជន៍ដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក យិន អ៊ីម ក្នុងនាមគណៈបញ្ជាការឯកភាពសង្កាត់សំរោង បានក្រើនរំលឹកដល់កងកម្លាំង កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ ក្នុងឱកាសចូលឆ្នាំនេះត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងការការពារសន្ដិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមទីតាំងសប្បាយភាព ពិសេសនៅ ទីអារាម ត្រូវដាក់កម្លាំងការពារ រៀបចំសណ្ដាប់ ធ្នាប់ឲ្យបានជាប់ជាប្រចាំ ក្នុងរយៈពេល៣ថ្ងៃ ដើម្បីធានាបាននូវសន្ដិសុខ សុវត្ថិភាព ល្អប្រសើរ ។
លោក ចៅសង្កាត់សំរោង បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ត្រូវចូលរួមក្នុងការសំអាតបរិស្ថានអនាម័យ ឲ្យបានស្អាតនៅតាមលំនៅដ្ឋាន ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ព្រោះក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក្រុមហ៊ុនប្រមូលសម្រាមស៊ិនទ្រី មិនបានធ្វើការពេញលេញដូចថ្ងៃធម្មតានោះទេ គឺ ក្នុង៤ថ្ងៃ នៃថ្ងៃបុណ្យគាត់ធ្វើតែ២ថ្ងៃប៉ុណ្ណោះ ឯ២ថ្ងៃទៀតគាត់សម្រាក ដូចនេះវានឹងអាចមានការកកស្ទះខ្លះ ចៀសមិនផុតឡើយ ដែលការងារនេះទាមទារឲ្យបងប្អូនយើងចូលរួមទាំងអស់គ្នា ជាពិសេស ពេលដែលទៅកំសាន្ដនៅទីអារាម និង រមនីយដ្ឋាននានា ត្រូវទុកសម្រាមក្នុងធុងសម្រាម កុំចោលសម្រាម ផ្ដេសផ្ដាសនាំឲ្យប៉ះពាល់ដល់សុខភាព និងបាត់បង់សោភ័ណភាពផងដែរ ។
បន្ទាប់ពីពិធីសូត្រមន្ដ សង្កាត់ក៏បានរៀបចំអាហារសាមគ្គីជូនដល់សមាជិកសមាជិកាដែលបានចូលរួម និង មានកម្មវិធីរាំកំសាន្ដដើម្បីអបអរដល់បុណ្យចូលឆ្នាំប្រពៃជាតិផងដែរ៕