រ៉ែន រាជ និងពុទ្ធ ភារិន ឡើងជួបជាមួយកីឡាករថៃដើម្បីសាកវិជ្ជាគុន

0
925

ភ្នំពេញ ៖ កីឡាកររ៉ែន រាជ អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ឡើងជួបកីឡាករថៃប៉ប់អាយ ស៊ីត.ថងភុន ខណៈកីឡាករពុទ្ធ ភារិន អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ឡើងជួបកីឡាករថៃណាក់រុងណយ អ.សាក់ណារីន ដើម្បីសាកវិជ្ជាគុនគ្នា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។

កីឡាកររ៉ែន រាជ ត្រូវជួបជាមួយកីឡាករថៃប៉ប់អាយ ស៊ីត.ថងភុន ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯកីឡាកររ៉ែន រាជ បន្ទាប់ពីគេបាត់មុខពីសង្វៀនមួយរយៈមកវិលមកវិញឃើញថា ស្នៀតប្រកួតរបស់គេនៅល្អដូចមុនដដែល ទាំងកម្លាំងស៊ុហ្វ ស្នៀតជើងទាត់ ជង្គង់ គឺនៅអាចប្រើបានដដែលពិសេសគឺស្នៀតកណ្តាប់ដៃនិងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយស្នៀតខ្លាំងរបស់គេនេះហើយដែលបានផ្តួលគូប្រកួតទាំងជើងចាស់និងជើងថ្មីនាពេលកន្លងមក ព្រោះគេមានចិត្តប្រដាល់ធំមិនរ៊ាថយចំពោះគូប្រកួតណាម្នាក់ឡើយ បើទោះជាគេមានបទពិសោធន៍ច្រើនជាងក៍ដោយ។ ចាំមើលកីឡាកររ៉ែន រាជ និងកីឡាករថៃប៉ប់អាយ ស៊ីត.ថងភុន នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករពុទ្ធ ភារិន ត្រូវឡើងសាកវិជ្ជាគុនជាមួយកីឡាករថៃណាក់រុងណយ អ.សាក់ណារីន ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរនាពេលកន្លងមក ព្រោះកីឡាករថៃម្នាក់នេះជាកីឡាករចំណូលថ្មី ដែលទើបនិងមកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ហើយមិនទាន់ដឹងថាវិជ្ជាគុនរបស់គេខ្លាំងប៉ុណ្ណានោះដែរ តែកីឡាករថៃភាគច្រើនពួកគេពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករពុទ្ធ ភារិន ជាអ្នកប្រដាល់ដែលទើបប្រមូតឡើងមកថ្មី ដោយទើបប្រកួតជាមួយកីឡាករបរទេសបានប្រមាណជា១០ប្រកួតប៉ុណ្ណោះ ស្នៀតខ្លាំងរបស់គគឺកណ្តាប់ដៃ និងកែង ក៍ប៉ុន្តែនៅមានកម្រិតនៅឡើយ តែគេមានចិត្តប្រដាល់ធំវាយមិនខ្លាចញញើតចំពោះគូប្រកួតឡើយ។ ក្នុងការប្រកួតរវាងកីឡាករពុទ្ធ ភារិន និងកីឡាករថៃណាក់រុងណយ អ.សាក់ណារីន នេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថា មានភាករយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលកីឡាករពុទ្ធ ភារិន ជាអ្នកឈ្នះឬកីឡាករថៃណាក់រុងណយ អ.សាក់ណារីន?៕

Facebook Comments
Loading...