ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក និងកីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ ឡើងជួបកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក និងកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម ក្នុងវគ្គជម្រុះឆ្ពោះទៅដណ្តើមពាន លើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។
កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះទួនប៉េ ស៊ីតសាមផាយ៉ាក ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងពានរង្វាន់នេះ។ សួន ចាន់នី ប្រមាណជាង១០ប្រកួតមកនេះទើបតែចាញ់មួយលើកប៉ុណ្ណោះ ក្នុងការប្រកួតលក្ខណមិត្តភាពអន្តរជាតិ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កីឡាករសួន ចាន់នី ត្រូវបានអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង។
ស្របគ្នាដែលកីឡាករសួន ចាន់នី ឡើងរេញពេលណាក៏បានបង្ហាញភាពខ្លាំងហើយដណ្ដើមបានជ័យជម្នះលើ គូប្រកួតជាច្រើនផងនោះ ទើបកាន់តែធ្វើឲ្យកីឡាកររូបនេះ ជាប់ឈ្មោះក្នុងបញ្ជីអ្នកខ្លាំងស្រករក្រោយជាច្រើនផងដែរ។ អ្នកប្រដាល់មានដៃវែងជើងវែងសួន ចាន់នី ជាអ្នកប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំកម្ពុជាម្នាក់នាពេលបច្ចប្បន្នដែល ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេសជាច្រើននាក់មកហើយ គឺឈ្នះច្រើនជាងចាញ់ព្រោះស្នៀតក្បាច់គុណខ្មែរបុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយវាយមិនមានអំនួតនិងមិនខ្លាចគូរប្រកួតណាម្នាក់នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជាអ្នកឈ្នះទទួលបាន៣ពិន្ទុឬកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក?។
ដោយឡែកកីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការធ្លាប់ជួបគ្នារវាងកីឡាករទាំងពីរទេនាពេលកន្លងមកនោះ ហើយក៍មិនដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ តែបើកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន។
តែកីឡាករកម្ពុជារូបនេះចិត្តប្រដាល់របស់គេតូច រួមផ្សំជាមួយកម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ ធ្វើឲ្យកីឡាកររូបនេះមិនសូវហ៊ានប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយកំញើញខ្លួននោះឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយមែនតែគេវាយសងមួយៗវិញចំគោលដៅបានល្អ ការប្រកួតរាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយមិនប្រស់នោះទេ។ ចាំមើលការជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះបាន៣ពិន្ទុឫកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម?៕