ភ្នំពេញ ៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ទម្ងន់៦៣.៥គីឡូក្រាមកីឡាករ ឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ត្រូវជួបប្រកួតជាមួយកីឡាករថៃភិតសាយហ្វា ស.ច.វីលីតប៉ែតទីវ ខណៈកីឡាករឡុង សំណាង អ្នកប្រដាល់នៃក្លិបសាលវ័នកីឡា ត្រូវជួបជាមួយកីឡាករផាន់ គ្រាន់ អ្នកប្រដាល់មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃភិតសាយហ្វា ស.ច.វីលីតប៉ែតទីវ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរធ្វើបានល្អដូចគ្នាក្នុងវគ្គជម្រុះ ហើយបើកីឡាករណាឈ្នះក្នុងការប្រកួតនេះនិងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់តែម្តង ។ កីឡាករថៃភិតសាយហ្វា ស.ច.វីលីតប៉ែតទីវ ស្នៀតខ្លាំងរបស់គេជង្គង់ ជើងទាត់ និងស្នៀតកាច់ផ្តួល។
រីឯកីឡាករ ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើលកីឡាករឌុម កែវដា ជាអ្នកឈ្នះឬកីឡាករថៃភិតសាយហ្វា ស.ច.វីលីតប៉ែតទីវ?។
កីឡាករជើងខ្លាំងវ័យក្មេង ឡុង សំណាង ត្រូវជួបជាមួយកីឡាករផាន់ គ្រាន់ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះឡុង សំណាង ជាកីឡាករស្រករក្រោយ រីឯផាន់ គ្រាន់ ជាកីឡាករជើងចាស់។ រវាងកីឡាករទាំងពីរមិនមានអ្នកណាហ៊ានអះអាងមុនថា នរណាជាអ្នកឈ្នះនោះទេ ព្រោះឡុង សំណាង ជាកីឡាករជើងថ្មីមែនតែបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតជើងទាត់ និងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ចំណែកកីឡាករផាន់ គ្រាន់ គេក៍ជាកីឡាករដែលអ្នកទស្សនាចាប់អារម្មណ៍ផងដែរ នូវកណ្តាប់ដៃវាយចេញចូលរហ័ស ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង តែយ៉ាងណាគេមានកម្ពស់រាងទាបបន្តិច មិនសូវវាយចេញពីចម្ងាយបានល្អនោះទេ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះរវាងឡុង សំណាង និងផាន់ គ្រាន់ បើកីឡាករណាឈ្នះក៍ឈ្នះទាំងវេទនាខ្លួនដែរ ព្រោះពួកគេកំពុងតែឡើងកូដដូចគ្នានាពេលបច្ចប្បន្ននេះ៕