ភ្នំពេញ ៖ លោកជា ខេមា ដឹកនាំកម្លាំគណៈបញ្ជាកាឯកភាពខណ្ឌព្រែកព្នៅ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ជាពិសេសដើម្បីពង្រឹងសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ជាក់សែ្តង កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងចូលរួមសរុបចំនួន៣៦នាក់ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅគោលដៅមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ជា ខេមា បានប្រាប់ឱ្យដឹងថា លោកនិងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀតបានដឹកនាំកម្លាំងចម្រុះសរុបចំនួន៣៦នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន ១០នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ០៦នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន ១០នាក់ ប្រតិបត្តិការនេះចាប់ពីវេលាម៉ោង១៩ និង៣០នាទី រហូតវេលាម៉ោង ២០និង ៣០នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យរថយន្តឆ្លងកាត់បានចំនួន ៣៥គ្រឿង រថយន្តធនតូចចំនួន២០គ្រឿង ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២៥គ្រឿង ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គ្មាន និងគ្រឿងញៀនឆ្លងកាត់គ្មាន។
លោកប្រាប់ឲ្យដឹងទៀតថា សកម្មភាពដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ មានជារៀងរាល់យប់តែម្តង ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ជាពិសេសដើម្បីពង្រឹងសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នាថ្ងៃទី០៤ខែកុម្ភៈ នេះ៕