ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ទទួលបានគ្រឿងចក្រសម្អាតឆ្នេរចំនួន៣គ្រឿងតម្លៃសរុបចំនួន៤១៧,៩០០ដុល្លារ

0
1278

ព្រះសីហនុ ៖ គ.អ.ឆ.ក បានប្រគល់គ្រឿងចក្រសម្អាតឆ្នេរចំនួន ៣គ្រឿង តម្លៃសរុបចំនួន ៤១៧,៩០០ដុល្លារ ដល់រដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រចំនួន៣ រួមមានខេត្តព្រះសីហនុ ទទួលបាន២គ្រឿង ហើយខេត្តកំពត និងខេត្តកែប ទទួលបាន១គ្រឿងរួមគ្នា ដើម្បីបម្រើដល់ការងារសម្អាតឆ្នេរសមុទ្រ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រោមការដឹកនាំ និងដាស់តឿនក្រើនរំលឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន បានខិតខំយកចិត្តទុកដាក់លើការទប់ស្កាត់ទឹកសម្អុយមិនឲ្យហូរចូលទឹកសមុទ្រ និងខិតខំរិះរកគ្រប់វិធីដើម្បីសម្អាតឆ្នេរឲ្យបានស្អាតផងដែរ។

ពិធីប្រគល់-ទទួលគ្រឿងចក្រសម្អាតឆ្នេរខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក ក្នុងនាមតំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងមានការចូលរួមពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោក-លោកស្រីអភិបាលរងខេត្តកំពត និងខេត្តកែប ព្រមទាំងមន្ត្រីរាជការមួយចំនួន។

ក្នុងឱកាសនោះ លោក ថោង ខុន បានលើកឡើងពីភាពរីកចម្រើនលើវិស័យទេសចរណ៍ ពិសេសការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដែលកំពុងទាក់ទាញកំណើនភ្ញៀវទេសចរយ៉ាងច្រើន ឱ្យធ្វើដំណើរមកទស្សនានៅខេត្តមួយនេះ ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក ដូច្នេះហើយអាជ្ញាធរក៏ត្រូវការពារឆ្នេរសមុទ្រឱ្យបានស្អាតផងដែរ។

លោក ថោង ខុន បានបន្តថា ក្រោមការចង្អុលបង្ហាញរបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ទើបគណៈកម្មាធិការមួយនេះសម្រេចផ្ដល់គ្រឿងចក្រសម្អាតឆ្នេរចំនួន ៣គ្រឿង ដល់រដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រទាំងបីនេះ។

លោករដ្ឋមន្ត្រីបានណែនាំឱ្យមានយន្តការគ្រប់គ្រង ប្រើប្រាស់ និងថែទាំគ្រឿងចក្រទាំងនេះ ដោយឯកឧត្តមបានចាត់តាំងមន្ទីរទេសចរណ៍ខេត្តនីមួយៗ ជាសេនាធិការឱ្យ គ.អ.ឆ.ក ថ្នាក់ខេត្តនីមួយៗត្រូវគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រទាំងនេះឱ្យមានប្រសិទ្ធភាព ហើយក្រុមអ្នកជំនាញក៏ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការប្រើប្រាស់ ថែទាំគ្រឿងចក្រទាំងនេះ។

លោកមន្ត្រីបានបន្តែមទៀតថា គ្រឿងចក្រសម្អាតឆ្នេរទាំងនេះ ក៏អាចពិចារណាយកទៅកោះរ៉ុងមួយគ្រឿងក៏បាន ហើយ គ.អ.ឆ.ក ក៏នឹងខិតខំរកគ្រឿងចក្រសម្អាតឆ្នេរនេះឱ្យបានមួយគ្រឿងទៀត សម្រាប់ប្រគល់ជូនរដ្ឋបាលខេត្តកោះកុងទុកប្រើប្រាស់ផងដែរ។

ក្នុងនោះផងដែរលោកបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់គ្នា ត្រូវការពារកុំឱ្យទឹកកខ្វក់ហូរចូលទឹកសមុទ្រ ត្រូវគ្រប់គ្រង និងសម្អាតឆ្នេរឱ្យខាងតែបាន គ្រប់ឆ្នេរទាំងអស់ដែលជារបស់សាធារណៈត្រូវតែស្អាត ឆ្នេរណាដែលគ្រប់គ្រងដោយឯកជន ក៏ត្រូវសហការគ្នាសម្អាតឱ្យបានស្អាតផងដែរ ធ្វើយ៉ាងណាធានាឱ្យទឹកសមុទ្រ និងឆ្នេរក៏ត្រូវតែស្អាត។
ម្យ៉ាងទៀត អាជ្ញាធរដែនដី មន្ទីរ អង្គភាព កងកម្លាំងសមត្ថកិច្ច ក៏ត្រូវសហការគ្នាខិតខំប្រឹងប្រែងថែរក្សា ការពារបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងទីក្រុងឱ្យមានប្រសិទ្ធភាព។ ការធ្វើយ៉ាងដូច្នេះ គឺដើម្បីធានានិរន្តរភាពក្នុងការអភិវឌ្ឍទៅថ្ងៃអនាគត និងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនថែមទៀតផងដែរ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន ៣ខែ ឬ៤ខែទៀត ស្ថានីយបូមទឹកសម្អុយបណ្តោះអាសន្នទាំង៤ សម្រាប់ស្ទាក់ទឹកកខ្វក់កុំឱ្យហូរចូលទឹកសមុទ្រ នៅខេត្តព្រះសីហនុ នឹងត្រូវសាងសង់ឡើង។

លោករដ្ឋមន្ត្រីក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងឡាយ សូមចូលរួមជាមួយគ្រឿងចក្រសម្អាតឆ្នេរទាំងនេះ ចូលរួមយកចិត្តទុកដាក់ចំពោះបញ្ហាសំរាម អនាម័យ និងចូលរួមគិតគូរពីបញ្ហាបរិស្ថានទាំងអស់គ្នា។ អ្វីៗទាំងអស់ដែលបាននិងកំពុងធ្វើ គឺសំដៅចូលរួមត្រៀមរៀបចំបុណ្យសមុទ្រ នៅឆ្នាំ២០២០ ទាំងអស់គ្នា៕

Facebook Comments
Loading...