ភ្នំពេញ ៖ ប្រជាពលរដ្ឋ២គ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិធំត្បូង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយនៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយសារឧបទ្ទវហេតុធម្មជាតិ (អគ្គីភ័យភ្លើងឆេះផ្ទះ)។
នាឱកាសនោះ លោកប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក រងគ្រោះដោយអគ្គិភ័យនេះ។
លោកបន្តថា បើទោះបីជាអំណោយនាពេលនេះ មិនអាចដោះស្រាយបានតាមតម្រូវការពិតមែនតែវាក៍អាចជួយ សំរាលនូវការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។លោកសុខ សម្បតិបញ្ជាក់ថា នាពេលបច្ចប្បន្ននេះរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះប្រជាពលរដ្ឋ ទូទៅមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ហើយនេះគឺជាក្តីកង្វល់មួយដែលត្រូវដោះស្រាយជាបន្ទាន់ ដោយមិនទុកឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ នៅក្នុងភូមិឫ សង្កាត់និងខណ្ឌដែលអាជ្ញាធរមិនបានដឹងនោះឡើយ។
នៅខណៈនោះផងដែរ ប្រជាពលរដ្ឋទាំងពីរគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះនេះ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដែលបាននាំយកនូវ អំណោយមកផ្ដល់ជូនពួកគាត់នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋ ជួបនូវបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះ។
ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះទាំង២នេះ ទី១ឈ្មោះគង់ គួន និងប្រពន្ធឈ្មោះហើង សុទុំ និងទី២ឈ្មោះទូច សុភ័ក្រ និងប្រពន្ធឈ្មោះមុត ចាន់ធឿន ដែលផ្ទះទាំងពីរគ្រួសារនេះធ្វើពីឈើប្រក់ស័ង្កសី ត្រូវអគ្គីភ័យលេបត្របាក់គ្មានសល់ កាលពីម៉ោង៣ទៀបភ្លឺ នាថ្ងៃទី០១ ខែមករា កន្លងមក។ គួរបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន អង្ករ៣បាវ មី៣កេស ទឹកត្រី ទឹកស៊ីអ៊ីវ តង់២ ឃីតមួយ និងថវិកាចំនួន ៦០០,០០០រៀលផងដែរ ក្នុងមួយគ្រសារៗ៕