ប៉ុស្តិ៍លេខ៥ លើកតម្កើង មរតកក្បាច់គុណខ្មែរឲ្យពិភពលោកបានស្គាល់យ៉ាងច្បាស់ នូវអត្តសញ្ញាណសិល្បៈក្បាច់គុនរបស់ខ្មែរ

0
1773

ភ្នំពេញ ៖ ប៉ុស្តិ៍លេខ៥ គាំទ្រនិងជ្រោមជ្រែង បេសកម្មរបស់រាជរដ្ឋាភិបាលដើម្បីលើកតម្កើង លើកស្ទួយ មរតកក្បាច់គុណខ្មែរឲ្យរីកចំរើនឆ្ពោះទៅកាន់ពិភពលោក ឲ្យពិភពលោកបានស្គាល់យ៉ាងច្បាស់ នូវអត្តសញ្ញាណសិល្បៈក្បាច់គុនរបស់ខ្មែរ នៅលើឆាកអន្តរជាតិផង ហើយព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំឆ្នាំ “KHMER FIGHT” ដែលរៀបចំ​ ដោយគណៈកម្មការអបអរពិធីសម្ពោធវិមានឈ្នះឈ្នះ និង ស្ថានីយទូរទស្សន៍លេខ៥នោះ​ គឺមានសន្ទុះនៃការគាំទ្រ​ និងទស្សនាច្រើនកុះករ​ មហាជនរាប់ម៉ឺននាក់ចូលទស្សនា​ និងគាំទ្រយ៉ាងខ្លាំងលើសពីគ្រោងទុក។

ស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធប្រដាល់គុនខ្មែរ បានរៀបចំបើកទំព័រសគ្គរាជ្យថ្មី នៃការប្រកួតប្រដាល់ “KHMER FIGHT” នៅក្នុងទីលាន ពហុកីឡាដ្ឋានជាតិ មរតកតេជោ ដើម្បីចូលរួម អបអរសាទរ ពិធីសម្ពោធ វិមានឈ្នះឈ្នះ និង ខួបលើកទី២០ឆ្នាំ ទិវានយោបាយ ឈ្នះឈ្នះ។ព្រឹត្តិការណ៍ប្រដាល់លើកនេះពិតជាធ្វើឱ្យមហាជនបានទស្សនាផ្ទាល់ ពេញចិត្ត និង ស្រែកហូការគាំទ្រ យ៉ាងពេញទំហឹងពេញទីលានសង្វៀនប្រដាល់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ” KHMER FIGHT ” ដែលជាព្រឹត្តិការណ៍ដ៏ធំបានរៀបចំឡើងកាលយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ មានកីឡាករប្រដាល់ល្បីៗ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៦រូប ជួបប្រកួតជាមួយ កីឡាករល្បីៗ មកពីប្រទេសថៃ ២រូប មកពីប្រទេស Tunisia ២រូបនិង មកពីប្រទេស Morocco ចំនួន ២រូប ។

គូទី១ កីឡាករ ពេជ្រ ម្ទេសខ្លាំង បានឈ្នះកីឡាករ សាន់ ឆៃ ដោយវ៉ៃតែ២ទឹក ប៉ុណ្ណោះ។ គូទី២ កីឡាករ ឡៅ ចិត្រា ឈ្នះលើកីឡាករជនជាតិប៉ូឡួយ Tomasz Lamnamoon ដោយបកកែងចំៗធ្វើឱ្យកីឡាករបរទេសរូបនេះ បែកចិញ្ចើមចំនួនពីរកន្លែងត្រឹមតែទឹកទី២។

គូទី៣ កីឡាករ ឯម ឡេងលី វ៉ៃជាមួយកីឡាករថៃ Napakhao Sirilak មិនញញើតសម្រុកចូលរហូត ប៉ុន្តែកីឡារថៃក៏មិនណយដែរ ចប់ការប្រកួត គឺស្មើគ្នា។ គូទី៤ កីឡាករឡៅ ចន្រា បានឈ្នះកីឡាករបារាំង Riviere Erwan ដោយទាត់ឱ្យដួលសន្លប់ត្រឹមតែទឹកទី១។

ដល់គូទី៥ កីឡាករ ឡុង សំណាង បានឈ្នះលើកីឡាករជនជាតិមូរ៉ាកូ Mohammad Labdi វ៉ៃបកកែវជាច្រើនលើកធ្វើឱ្យដួលរហូតដល់ថ្នាក់សន្លប់ខ្លាំងបញ្ចប់ការប្រកួតត្រឹមទឹកទី១។គូចុងក្រោយ កីឡាករដ៏ល្បីម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា បានឈ្នះឡើងកក្រើកពេញទីលាន ដោយមហាជនគ្រប់គ្នានាំគ្នាស្រែកហ៊ូពេញចិត្ត នៅពេលកីឡាករខ្មែររូបនេះ វ៉ៃគ្មានដកដៃយកឈ្នះកីឡាករជនជាតិ ថៃ Muengu​neng Poompunmuang ។

អ្នកនាង រស់ ម៉ាឡែន ប្រធានគ្រប់គ្រងផ្នែកទីផ្សារស្ថានីយទូរទស្សន៍លេខ៥បានឱ្យដឹងថា សម្រាប់ការប្រកួតឆ្នាំនេះពិតជាអស្ចារ្យដែលមានមហាជនមកចូលរួមទស្សនា និង គាំទ្រដល់កីឡាករកម្ពុជាយើងចំនួន៦រូប ប៉ះគ្នាជាមួយកីឡាករបរទេស ដែលទស្សនារហូតដល់ថ្ងៃឆ្លងឆ្នាំសកល២០១៩ និង អបអរដល់ពិធីសម្ពោធ វិមានឈ្នះឈ្នះ និង ខួបលើកទី២០ឆ្នាំ ទិវានយោបាយ ឈ្នះឈ្នះ។

គោលដៅរបស់ប៉ុស្តិ៍លេខ៥ គាំទ្រនិងជ្រោមជ្រែង បេសកម្មរបស់រាជរដ្ឋាភិបាលដើម្បីលើកតម្កើង លើកស្ទួយ មរតកក្បាច់គុណខ្មែរឲ្យរីកចំរើនឆ្ពោះទៅកាន់ពិភពលោក ឲ្យពិភពលោកបានស្គាល់យ៉ាងច្បាស់ នូវអត្តសញ្ញាណសិល្បៈក្បាច់គុនរបស់ខ្មែរ នៅលើឆាកអន្តរជាតិផង៕

Facebook Comments
Loading...