នគរបាលខំចាប់​ ព្រះរាជអាជ្ញារងខំដោះលែង​ ថៅកែរោងចក្រផលិតគ្រឿងសំអាងក្លែងក្លាយរាប់តោន

0
1369

ភ្នំពេញ៖ ក្រោយសាកសួរ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង លោកថៅកែ រោងចក្រផលិតគ្រឿងសំអាងក្លែងក្លាយឲ្យត្រលប់ទៅផ្ទះវិញហើយ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ។ អ្នកកាសែត មិនអាចសុំការបំភ្លឺពីលោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានទេ ព្រោះលោកជាប់រវល់បេសកកម្មក្រៅប្រទេស។

ថៅកែរោងចក្រគ្រឿងសំអាងក្លែងក្លាយ ដែលលោក ស្រី ម៉ាកនី ជាតំណាងអយ្យការដោះលែងនោះមានឈ្មោះ អ៊ុច សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧតម្តសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ដោយមានការសហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលរបស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបរោងចក្រផលិត និងស្តុកគ្រឿងសម្អាងក្លែងក្លាយ មួយកន្លែង ស្ថិតនៅផ្ទះលេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចចម្រុះក៏បានរកឃើញ និងដកហូតភស្តុតាងមួយចំនួន រួមមាន៖ ឡេ ក្រែម សាប៊ូ និងវត្ថុធាតុដើមជាច្រើនទៀតសរុបចំនួន ១៧មុខ មានទម្ងន់ប្រមាណ៤តោនកន្លះ និងម៉ាស៊ីនលាយ ម៉ាស៊ីនច្រក ម៉ាស៊ីនអ៊ុត ម៉ាស៊ីនកាត់ និងម៉ាស៊ីនបាញ់ខ្យល់ ជាច្រើនគ្រឿងផងដែរ៕

Facebook Comments
Loading...