អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសនិយាយអ្វីខ្លះ ជាមួយសម្តេចតេជោ ហ៊ុន សែន?

0
1345

នៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា លោក Mark Field អនុរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា និង «ស្ដារលទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជាឡើងវិញ ។

លោក Field បានថ្លែងថា៖ «ខ្ញុំបានជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្ញុំបាននិយាយទៅកាន់គាត់ថាយើងបានមើលឃើញការបោះឆ្នោតឃុំ-សង្កាត់ដែលបានធ្វើឡើងកាលពីខែមិថុនាឆ្នាំមុន… ផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យដែលបានបន្ត ប៉ុន្តែយើងខកចិត្តយ៉ាងខ្លាំង..ដោយសារតែមេដឹកនាំគណបក្សប្រឆាំងដ៏ធំលោក កឹម សុខា កំពុងជាប់ពន្ធនាគារ។ យើងបន្តលើកឡើងថាគាត់គួរតែត្រូវដោះលែង»។

លោក Field មានសុទិដ្ឋិនិយមចំពោះបរិយាកាសនយោបាយប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជាដោយសារតែកាលពីពេលថ្មីៗនេះព្រះមហាក្សត្របានលើកលែងទោសសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ការដោះលែងអ្នកវិភាគនយោបាយលោក គឹម សុខ និងការដោះលែងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីលោក អ៊ួន ឈិន និង យាង សុជាមេត្តា ពីបទចោទប្រកាន់ «ចារកិច្ច»។

លោក Field ថ្លែងថា៖ «ខ្ញុំបាននិយាយទៅកាន់លោកនាយករដ្ឋមន្ត្រីនៅព្រឹកនេះ ហើយយើងចង់ឃើញមានការជឿនលឿនទៅមុខ។ យើងចង់ឃើញផ្លូវប្រជាធិបតេយ្យត្រូវបានស្តារឡើងវិញនៅកម្ពុជា។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ។ យើងនៅតែជាមិត្តជាមួយប្រជាជនកម្ពុជា ។ ពេលខ្លះផ្លូវឆ្ពោះទៅរកសេរីភាពគឺមិនមែនជាផ្លូវត្រង់ទាំងស្រុងនោះទេ។ ខ្ញុំសង្ឃឹមថា ជំហានដកថយរបស់គាត់នឹងត្រូវធ្វើឲ្យបានទ្វេដងដើម្បីធានាឲ្យប្រាកដថា ផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យគឺមិនគ្រាន់តែសំខាន់សម្រាប់ប្រទេសនេះប៉ុណ្ណោះទេ ប៉ុន្តែគឺវាសំខាន់សម្រាប់ប្រជាជនកម្ពុជាចំនួន ១៦ លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសនេះ»។

កាលពីសប្តាហ៍មុន មុនពេលដំណើរទស្សនកិច្ចនៅកម្ពុជាលោក Field បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោកថា ការបោះឆ្នោតជាតិកាលពីខែមុនគឺ «មិនយុត្តិធម៌ និងមិនអាចជឿទុកចិត្តបានទេ»។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ជោគវាសនារបស់កម្ពុជា អាស្រ័យលើកម្ពុជាខ្លួនឯង ។ រាជរដ្ឋាភិបាលកម្ពុជាមិនអាចជ្រៀតជ្រែកចូលកិច្ចការតុលាការបានទេ ។ បើមានការបង្ខំណាមួយឲ្យកម្ពុជា ធ្វើតាម គឺមានន័យថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាហើយ ៕

Facebook Comments
Loading...