កណ្ដាល៖ ដោយមានការសំណូមពរចាំបាច់ពីអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅ
ថ្ងៃសៅរ៍៧កេីត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធសក្កិព.ស២៥៦២ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨
ការអនុវត្តន៏នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសការដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទពិសេសនៅពេលនេះយកចិត្តទុកដាក់ខ្ពស់ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
ជាក់ស្តែងនៅថ្ងៃខែឆ្នាំខាងលើ លោក ឧ.ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំកងកម្លាំងក្រោមឱវាទ សហការជាមួយសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយ លោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពានិជ្ជកម្មខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីជាង ១០០នាក់ បូកនិងអាជ្ញាធរមូលដ្ឋានបានចុះជួយច្រកបាវខ្សាច់ទប់ទឹកដែលបណ្តាលមកពីទឹកជំនន់ធ្វើអោយដាច់ផ្លូវ ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញនៅចំនុចភូមិបាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងឱកាស់នោះអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោក ឧ.ត្រី សំ តុលា និង កម្លាំងកងរាជអាវុធហត្ថទាំងអស់ លោកឧកញ៉ា សុខ ស្រស់ ព្រមទាំងសហការី ដែលបានចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលាតាមការស្នើរ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រកបរបរកសីុចញ្ចឹមជីវិតដោយសុវត្តិភាព៕ ដោយសនសុភ័ក្ដ