កសិករ ខេត្តត្បូងឃ្មុំ ដាំពោតក្រហម បានជិត ៥ពាន់ហិចតា ឆ្នាំ២០១៨នេះ

0
1164

ត្បូងឃ្មុំ៖ ខណៈពោតក្រហម មានតម្លៃល្អ កសិករខេត្តត្បូងឃ្មុំ បាននាំគ្នាដាំ ពោតក្រហម បានជិត ៥ពាន់ហិចតា ក្នុងឆ្នាំ២០១៨នេះ គឺប្រហាក់ប្រហែល និងឆ្នាំ២០១៧ដែរ ។

លោក សេន ស្រាន អាយុ៤១ឆ្នាំរស់នៅភូមិទី៥ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា គាត់បានដាំពោតក្រហម ៥ឆ្នាំមកហេីយ ដោយប្រេីជីកែង ដែលមានសារធាតុ៣មុខលាយចូលគ្នា ក្នុង១ហិចតា ដាក់ ៣បេ ។ ហេីយក្នុងផ្ទៃដី ១ហិចតា ពោតឱ្យផលជាមធ្យម ៥តោន ដីដែលឱ្យផលល្អ គឺប្រភេទដីល្បាប់ ដីមាត់ទន្លេមេគង្គ ដីមាត់បឹង និងដីក្រហម ។ លោក បន្តថា ក្នុង១ហិចតា ផាត់សោហ៊ុយដាំ ចំណេញបាន ៤លានរៀល គាត់ដាំមិនដែលខាតទេ ក្នុង១ឆ្នាំដាំបាន ២ដង បេីដីច្រេីនបានផលចំណេញទៅតាមនោះដែរ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា ឆ្នាំនេះ ដំណាំពោតក្រហម កសិករបានដាំជិត ៥ពាន់ហិចតា ប្រហាក់ប្រហែល ទៅនឹងឆ្នាំទៅមិញដែរ ។ កសិករនិយមដាំដាំពោតក្រហម មាន ៣ប្រភេទគឺ ពូជH.10, ពូជ.88 ,និងពូជ.99 ។ ពោតក្រហមពូជ.99 វាធន់នឹងរដូវប្រាំង គេដាំនៅរដូវទឹកសម្រករយៈពេលជាង៤ខែកសិករចាប់ប្រមូលផល វាឱ្យផលល្អជាងគេ (ស្នូលតូច គ្រាប់ជ្រៅ) បន្ទាប់មកខែ៥កសិករចាប់ដាំពូជពោតក្រហម ប្រភេទ H.10 និងពូជ.៨៨ ជាពូជធន់នឹងរដូវវស្សា រយៈពេលជាង៣ខែចាប់ប្រមូលផល ។ ពូជទាំង៣ប្រភេទនេះ គឺជាពូជបន្សុតបានក្នុងស្រុក ។ ជាមធ្យមពោតក្រហមឱ្យផលក្នុងផ្ទៃដី១ហិចតា មិនក្រោម៥តោននោះទេ ។ ឆ្នាំនេះពោតក្រហម មានបញ្ហាប្រឈមតិចតួចដែរ គឺជំងឺផ្សិត ដែលកសិករយេីងហៅថា (ជំងឺពោតបួស) នោះ ។ ករណីនេះ មន្រ្តីជំនាញ បានចុះណែនាំ ផ្សព្វផ្សាយ ពន្យល់ដល់កសិករ ដេីម្បីទប់ស្កាត់នូវជំងីនេះ ដោយប្រេីថ្នាំកំចាត់ពពួកផ្សិត បានដោយជោគជ័យ ។

លោក ប្រធានបានបញ្ជាក់ទៀតថា ខេត្តត្បូងឃ្មុំ មានចំនួន ៣ស្រុក ដែលនិយមដាំពោតក្រហម គឺ ១-ស្រុកត្បូងឃ្មុំ .២-ស្រូចឆ្មារ និងទី៣ គឺ ស្រុកមេមត់ ហេីយស្រុកដែលដាំពោតច្រេីនជាងគេ គឺស្រុកក្រូចឆ្មារ ជាង៣ពាន់ហិចតា ។ ឆ្នាំនេះ មន្ត្រីជំនាញបានចុះបង្ហាត់ផ្តល់បច្ចេកទេសដល់កសិករទាំង៣ស្រុកនេះ បានចំនួន១២លេីករួចមកហេីយ ដេីម្បីឱ្យពួកគាត់យល់ក្នុងការដាំ ទប់ស្កាត់ជំងឺផ្សេងៗ និងលក្ខណៈបន្សុតពូជ ផងដែរ ។

លោក បន្ថែមថា ឆ្នាំនេះ ពោតក្រហម មានទីផ្សារល្អដូចឆ្នាំទៅដែរ ដោយ១គីឡូក្រាម គ្រាប់ពោតតម្លៃ ពី១ពាន់ទៅ១ពាន់ពីររយរៀល លក់ទាំងស្នូល ១គីឡូក្រាម ប្រាំបីរយរៀល។ កសិករមិនពិបាកលក់ទេ គឺមាន ថៅកែថៃចុះប្រមូលទិញដល់ផ្ទះតែម្តង ។ ទាំង៣ស្រុក ឆ្នាំនេះ កសិករអាចផលិតបានគ្រាប់ពោតក្រហម បានមិនក្រោម ៤០លានតោននោះទេ ផលនេះក៏អាចជួយដល់ជីវភាពកសិករឱ្យបានប្រសេីរឡេីងមួយកំរិតទៀត ៕

Facebook Comments
Loading...