អ្នកវិភាគចៅចាក់ស្មុក៖ គល់ បញ្ញា គ្រាន់តែជាកញ្ជះបរទេសម្នាក់ប៉ុណ្ណោះ

0
1346

(ភ្នំពេញ)៖ អ្នកជំនាញលម្អៀងទៅក្រុមប្រឆាំងនៅកម្ពុជាដ៏ល្បីមួយរូបគឺ គល់ បញ្ញា ដែលពាក់មុខពីរជានាយកប្រតិបត្តិអង្គការ COMFREL ផង និងជាប្រធានអង្គការបណ្តាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី (ANFREL) ផង បានចេញមកប្រថាប់ត្រារបាយការណ៍របស់ខ្លួន ដោយបង្ហាញពីការព្រួយបារម្ភថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងមានហានិភ័យច្រើនកើតឡើងប្រឆាំងនឹងការបោះឆ្នោត។ គល់ បញ្ញា បានបន្ទរតាមការលើកឡើងបែបមួលបង្កាច់ និងគ្មានមូលដ្ឋានច្បាស់លាស់របស់លោកស្រី រ៉ូណា ស្មីត អ្នករាយការពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងក្រុមអ្នកនយោបាយរត់ចោលស្រុកថា «ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា គឺជាការបោះឆ្នោតក្លែងក្លាយ ហើយប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់»។

តាមរយៈសម្តីនេះបង្ហាញឱ្យឃើញថា គល់ បញ្ញា កំពុងតែធ្វើអ្នកនាំពាក្យឱ្យក្រុមប្រឆាំង និងគ្រាន់តែជាខ្ញុំបម្រើបរទេសម្នាក់ដាច់ថ្លៃ ដែលស៊ីឈ្នួលធ្វើរបាយការណ៍បំភ្លៃការពិតអំពីស្ថានភាពនៅកម្ពុជា និងបំផ្លាញជាតិខ្លួនឯង ដើម្បីផលប្រយោជន៍ខ្លួននិងបក្សពួក។ អ្វីដែល គល់ បញ្ញា បានធ្វើនៅពេលនេះក្នុងគោលបំណងដើម្បីបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ស្របតាមផែនការរបស់ចៅហ្វាយនាយបរទេសខ្លួន និងក្រុមប្រឆាំងដែលបានបរាជ័យក្នុងការស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ ឡើងវិញ ហើយក៏មិនឱ្យនរណាបានសេចក្តីសុខឡើយ។ ប៉ុន្តែ គល់ បញ្ញា ត្រូវដឹងថា៖

ទី១) សកម្មភាពដែល គល់ បញ្ញា រួមនឹងអង្គការខុមហ្វ្រែល និងអាន់ហ្វ្រែល បាននិងធ្វើគឺជាការញុះញង់ស្របតាមផែនការទុច្ចរិតបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយបានបំភ្លៃការពិត និងបង្កើតយុទ្ធនាការបំផ្លាញការបោះឆ្នោតតាមរយៈធ្វើការផ្សព្វផ្សាយ និងបញ្ចេញមតិ មានលក្ខណៈលម្អៀងទៅរកក្រុមជនក្បត់ជាតិ។ អ្នកទាំងនេះកំពុងតែដើរបញ្ច្រាស់ទិសលទ្ធិប្រជាធិបតេយ្យ និងគោលការណ៍ច្បាប់។ ការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៦ដែលកំពុងតែប្រព្រឹត្តទៅនេះគឺស្របតាមនីតិវិធីច្បាប់ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវនិងធានានូវការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាពេលនេះល្អជាងពេលមានវត្តមានបក្សសង្គ្រោះជាតិហើយប្រជាពលរដ្ឋខ្មែរក៏រីករាយដោយមិនខ្វល់នឹងការភ័យខ្លាចមានការបង្កចលាចលពីក្រុមប្រឆាំងដែលចាំតែឡាំប៉ាតវ៉ាចែកអំណាចតាមរយៈការយកបាតុកម្មធ្វើជាអាជីវកម្ម និងធ្វើជាមធ្យោបាយទាមទារ។ ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតជាង ៨,៣ លាននាក់ រង់ចាំតែថ្ងៃទី២៩ ខែកក្កដាមកដល់ នឹងទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ លើកតម្កើងសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត។

ទី២) បោះឆ្នោតនៅកម្ពុជា នៅក្នុងរដ្ឋឯករាជ្យ និងអធិបតេយ្យមួយមិនចាំបាច់មានការទទួលស្គាល់ពីបរទេស ណាមួយឡើយ ឬអង្គការសហប្រជាជាតិឡើយ គឺត្រូវការការទទួលស្គាល់តែពីប្រជាពលរដ្ឋខ្មែរ គ្រប់គ្រាន់ណាស់ទៅហើយ។ ចំណែក គល់ បញ្ញា ដែលហារស្តីឡើងយកសហគមន៍អន្តជាតិមកគំរាម និងប្រជាពលរដ្ឋខ្មែរមកធ្វើជាឡប់ឡែបិទមុខមាត់ពិតជាកញ្ជះបរទេសរបស់ខ្លួន គ្រាន់តែជាលេសនៃការបំផ្លាញការបោះឆ្នោតជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុណ្ណោះ។ កម្ពុជាគ្មានភាពចាំបាច់ត្រូវស្នើសុំភាពស្របច្បាប់ណាមួយលើ ការបោះឆ្នោត ការបង្កើតរដ្ឋសភា និងការបង្កើតរដ្ឋាភិបាលពីបរទេសណាមួយឡើយ ប៉ុន្តែជាការអនុវត្តច្បាប់ជាធរមាន របស់កម្ពុជា។ កម្ពុជាដែលមានសិទ្ធិចាត់ចែងលើវាសនាប្រទេសជាតិខ្លួនដោយខ្លួនឯង គ្មានការបង្គាប់បញ្ជាណាមួយពីសំណាក់បរទេសណាមួយឡើយ។

បរទេសណាដែលប្រកាសមិនទទួលការបោះឆ្នោត មិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា នោះគឺជាសិទ្ធិរបស់ពួកគេដែលមានទម្លាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ប៉ុន្តែកម្ពុជាសូមផ្តាំថាទោះបីជាគ្មានព្រះអាទិត្យ ក៏ថ្ងៃនៅតែរះពីទិសខាងកើតដដែល ពោលគឺទោះបីជាចៅហ្វាយនាយបរទេសរួមនឹងក្រុមអ្នកនយោបាយប្រឆាំង និងគល់ បញ្ញា ខ្លួនឯងដែលដឹកនាំអង្គការពីរបីម្នាក់ឯងធ្វើយ៉ាងណា ក៏មិនអាចបង្អាក់ដំណើរអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជាបានឡើយ។ កម្ពុជាឈរនៅលើភាពត្រឹមត្រូវនិងការពិតជានិច្ច ហើយមានមិត្តភ័ក្តិបរទេសជាច្រើន រាប់អានក្នុងទំនាក់ទំនងស្នើសិទ្ធិនិងស្មើភាព ប៉ុន្តែមិនមែនជាទំនាក់ទំនងរវាងឪ និងកូនចឹងដូចដែលក្រុមប្រឆាំងនៅខ្មែរ បាននិងកំពុងមានឡើយ។

ទី៣) កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិពលរដ្ឋជាមូលដ្ឋាន រួមទាំងសិទ្ធិនយោបាយ ហើយបានបើកទូលាយដល់ប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ប្រសិនបើកម្ពុជាមានការរឹតត្បិតសេរីភាពបញ្ចេញមតិ ម៉្លេះ គល់ បញ្ញា រួមនឹងដៃគូកញ្ជះបរទេសរបស់ខ្លួនមិនអាចនឹងមានឱកាសបញ្ចេញមតិយោបល់លម្អៀងផ្កាប់មុខ និងអាចជេរប្រទេចផ្តាសាមេដឹកនាំកម្ពុជាស្រេចតាមចិត្តនោះឡើយ។ ប៉ុន្តែត្រូវចាំថាប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ សេរីភាពមានព្រំដែនកំណត់ ដែលត្រូវស្ថិតនៅក្រោមច្បាប់។

ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យអនុវត្តសិទ្ធិអំណាចដែលខ្លួនមាន ដោយគ្មានការគំរាមកំហែងអ្វីឡើយ។ ទាំងរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវឱ្យពលរដ្ឋអនុវត្តសិទ្ធិអំណាច និងការសម្រេចចិត្តរបស់ខ្លួនតាមរយៈការអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែផ្ទុយទៅវិញ មានតែ គល់ បញ្ញា អង្គការសង្គមស៊ីវិលរបស់ខ្លួន រួមនឹងក្រុមអ្នកនយោបាយរត់ចោលស្រុកក្បត់ជាតិ តែប៉ុណ្ណោះដែលបានគំរាមកំហែងសិទ្ធិពលរដ្ឋដោយញុះញង់ពលរដ្ឋកុំទៅបោះឆ្នោត មិនឱ្យអនុវត្តសិទ្ធិអំណាចរបស់ខ្លួនជ្រើសរើសតមណាងរបស់ខ្លួននៅរដ្ឋសភាតាមច្បាប់។ អ្នកទាំងនេះមិនមែនជាអ្នកសេ្នហាជាតិឡើយ ប៉ុន្តែជាអ្នកបំផ្លាញជាតិ ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យថែមទៀតផង។

ទី៤) ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតកាលទី៦នេះមានគណបក្សរហូតដល់២០ ចូលរួមបង្ហាញយ៉ាង ច្បាស់ពីវត្តមាន ប្រកបដោយសុខភាពល្អនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ គ្មានវត្តមានខ្មោចបក្សសង្គ្រោះជាតិមិនមែនកម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យឡើយ។ កម្ពុជាគ្មានជំងឺតួឯងឡើយ ហើយគ្មានខ្មោចបក្សសង្គ្រោះ ជាតិ និងគ្មានវត្តមាននៃអ្នកនយោបាយត្រូវបានដកសិទ្ធិ ១១៨ នាក់ក្នុងការប្រកួតប្រជែង ក៏ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែរីកធំធាត់ និងរឹងមាំជានិច្ច។ មានតែក្រុមតាមស៊ីពែខ្មោចបក្សសង្គ្រោះជាតិតែប៉ុណ្ណោះដែលនៅតែទន្ទេញចាំមាត់ថា អត់ខ្មោចបក្សសង្គ្រោះជាតិ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ឬស្លាប់ជាដើម។ នេះ គ្រាន់តែជាការលួងចិត្តខ្លួនឯងប៉ុណ្ណោះ។ ដំណើរការប្រជាធិបតេយ្យ នៅតែដំណើរការទៅមុខដោយរលូនល្អ មិនចាំបាច់ទាល់តែមានវត្តមានខ្មោចបក្សសង្គ្រោះជាតិ និងក្រុមអ្នកនយោបាយក្បត់ជាតិឡើយ។

ទី៥) ដំណើរការបោះឆ្នោតឆ្ពោះទៅមុខជានិច្ច! កម្ពុជាបានត្រៀមរួចរាល់ហើយលើគ្រប់សមរភូមិទាំងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ ក្នុងការបោះឆ្នោតខាងមុខ ទោះបីជាមានប្រជាពលរដ្ឋប៉ុន្មានភាគរយទៅ បោះឆ្នោត ក៏ការបោះឆ្នោតនៅតែមានភាពស្របច្បាប់ និងមានសុពលភាព។ អ្នកដែលមិនទៅបោះឆ្នោតមិនអាចឡាំប៉ា តវ៉ាបានឡើយ ហើយពួកគេត្រូវតែគោរពមតិស្របច្បាប់របស់អ្នកដែលបានបំពេញកាតព្វកិច្ចបោះឆ្នោត និងអនុវត្តតាម ច្បាប់និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោត។ កម្ពុជាក៏បានត្រៀមរួចរាល់ហើយដែរ ប្រឈមមុខនឹងការញុះញង់របស់ក្រុមអ្នកនយោបាយក្រៅច្បាប់សង្គមស៊ីវិលអាយ៉ងបរទេសព្រមទាំង ចៅហ្វាយនាយបរទេសរបស់ពួកគេដែលនឹងអនុវត្តវិធានការសងសឹក និងធ្វើទុក្ខបុកម្នេញជាតិនិងប្រជាជនកម្ពុជា ដោយសារតែពួកគេមិនអាចបង្វិលកម្ពុជាតាមចិត្តចង់ និងមិនអាចធ្វើជាម៉ែឪកម្ពុជាបាន ដូចដែលខ្លួនធ្វើជាឪបក្សប្រឆាំង។ ដើម្បីបំផ្លាញ ការបោះឆ្នោត ពួកគេបានត្រឹមតែគំរាមកំហែងកម្ពុជា បំភ័យប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។

ដូច្នេះ គល់ បញ្ញា គួរបញ្ឈប់សកម្មភាពញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត និងបញ្ឈប់ផែនការបំផ្លាញការបោះឆ្នោតតទៅទៀតទៅ ព្រោះសកម្មភាពរបស់ខ្លួនរាល់ថ្ងៃនេះមិនមែនត្រឹមតែលក់ខ្លួនឱ្យបរទេសទេ ប៉ុន្តែជាការ បំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងកំពុងចូលរួមជាន់ឈ្លីសិទ្ធិប្រជាពលរដ្ឋខ្មែរ។ បើអង្គការខ្លួនគ្មាន ថវិកាសម្រាប់ជួលអ្នកសង្កេតការណ៍បោះឆ្នោត និងប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោត ក៏គួរណានៅឱ្យឆ្ងាយពីការបោះឆ្នោតនេះ ព្រោះខ្លួនអះអាងថាមិនល្អ មិនសេរី និងមិនយុត្តិធម៌ និងទុកពេលវេលា និងឱកាសដល់អ្នកផ្សេងធ្វើ ការងារបម្រើជាតិ និងប្រជាជនកម្ពុជាពិតប្រាកដ។ បើខ្លួនឯងជាកញ្ជះបរទេសដាច់ថ្លៃទៅហើយ ក្នុងខួរក្បាលមាន និង ចិត្តរបស់ខ្លួនមានតែទុទិដ្ឋិនិយមទៅហើយ សូម គល់ បញ្ញា កុំព្យាយាមទាញកម្ពុជា និងប្រជាជនកម្ពុជាឱ្យគិតបែបឆ្កួតលេលាដូចខ្លួនធ្វើអ្វី និងគួរប្រុងប្រយ័ត្នមិនត្រូវដើរលើសពីបន្ទាត់ក្រហមដែលច្បាប់បានអនុញ្ញាតឡើយ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨

Facebook Comments
Loading...