ទស្សនៈមិត្តអ្នកអាន៖ ឧបាយកលថ្មី នយោបាយចាស់

0
1318

(ភ្នំពេញ)៖ ទោះជាខំប្រឹងលាក់ក្រោមរូបភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ យ៉ាងណាក៏ដោយ ក៏ល្បិចកលនៃក្រុមអ្នកនយោបាយអភិរក្សអាមេរិកមួយចំនួន ក្នុងការផ្លាស់ប្តូររបបដឹកនាំបរទេស ដែលមិនរណបខ្លួន ត្រូវបានបង្ហាញយ៉ាងច្បាស់ ហើយក៏ជាចរន្តដើរបញ្ច្រាស់ទិស ពីគោលនយោបាយរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអះអាងប្រាប់ពិភពលោកថា រដ្ឋបាលរបស់លោក គ្មាននយោបាយផ្លាស់ប្តូររបបដឹកនាំបរទេស​ ដូចដែលរដ្ឋបាលមុនៗ បានធ្វើឡើយ។

ក្រុមអ្នកនយោបាយ ដែលជាចៅហ្វាយនាយបរទេស របស់ក្រុមអ្នកនយោបាយប្រឆាំងកម្ពុជា នៅតែបន្តនូវនយោបាយចាស់របស់ខ្លួន គឺបំផ្លាញកម្ពុជា ផ្លាស់ប្តូរមេដឹកនាំ និងរបបដឹកនាំកម្ពុជា តាមរយៈបដិវត្តន៍ពណ៌។ ថ្វីត្បិតតែគណបក្សសង្គ្រោះជាតិ ជាអង្គការចាត់តាំងនយោបាយ នៃបដិវត្តន៍ពណ៌ត្រូវបានរំលាយ និងកម្ចាត់ខ្ចាត់ខ្ចាយ ប៉ុន្តែមេគំនិតបដិវត្តន៍ពណ៌ជាជនបរទេស មិនបានលះបង់មហិច្ឆតារបស់ខ្លួន និងនៅតែបន្តផែនការដ៏ខ្មៅកខ្វក់របស់ខ្លួនជានិច្ច។ ពួកគេនៅតែបន្តអនុវត្តផែនការនេះ និងបានផ្លាស់ប្តូររូបភាព និងក្រោមឧបាយកលថ្មី។
ឧបាយកលថ្មី ដែលគេអាចមើលឃើញនោះ គឺការកៀរគរគំនាបអន្តរជាតិប្រឆាំងកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដែលក្រុមអ្នកនយោបាយប្រឆាំងបានធ្វើ ដោយឃុបឃិតជាមួយចៅហ្វាយនាយ បរទេសរបស់ពួកគេ ឬការប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី លើឥស្សរជននយោបាយខ្មែរជាដើម។ ការប្រកាសដាក់ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្រោមច្បាប់គ្លូប៊ល ប៊ែកនីតស្គី គឺជាឧបាយកលថ្មី១ ដែលអាមេរិកបានរៀបចំឡើង ដើម្បីបន្តផែនការចាស់របស់ខ្លួន គឺបំផ្ទុះបដិវត្តន៍ពណ៌នៅកម្ពុជា។ តាមពិត ការសម្រេចបង្កកទ្រព្យសម្បត្តិ ឬក៏ដាក់ទណ្ឌកម្មផ្សេងៗនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រមើលមើលឃើញមុនរួចស្រេចទៅហើយថា ចៅហ្វាយនាយរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក នឹងធ្វើតាមការញុះញង់របស់កូនចឹងនយោបាយរបស់ខ្លួន។

ការសម្រេចបង្កក ឬដាក់ទណ្ឌកម្មណាមួយនឹងគ្មានផលប៉ះពាល់អ្វីដល់កម្ពុជា ឬប្រមុខដឹកនាំរដ្ឋាភិបាល ក្រុមមន្ត្រី ឬប្រជាជនកម្ពុជាឡើយ ព្រោះអ្វីដែលក្រសួងរតនាគារជាតិអាមេរិក ធ្វើគ្រាន់តែធ្វើតាមការជំរុញរបស់ចៅហ្វាយនាយនៃក្រុមអ្នកនយោបាយប្រឆាំង និងជាវិធានការសំឡី ដែលគ្មានទម្ងន់អ្វីមកលើកម្ពុជាឡើយ។ ទោះជាលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ជាក់ថា លោកមិនមានប្រាក់តម្កល់នៅធនាគារអាមេរិក ដើម្បីឱ្យគេបង្កកយ៉ាងណាក្តី និងគ្មានបំណងជាន់ដីអាមេរិក ក៏កម្ពុជាក៏មិនអាចនៅស្ងៀម ចំពោះការប្រមាថចំពោះឥស្សរជននយោបាយខ្មែរ និងវរកងទ័ពកម្ពុជាបានឡើយ ដែលចាំបាច់ត្រូវប្រតិកម្មតបនឹងការបំពានលើអធិបតេយ្យ និងឯករាជភាពរបស់កម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ពីស្ថាប័ននានានៅកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងគូសបញ្ជាក់ថា លោកមិនខ្វល់អំពីការដាក់ទណ្ឌកម្មណាមួយរបស់អន្តរជាតិ មកលើរដ្ឋាភិបាលរបស់លោកនោះទេ ​ព្រោះកម្ពុជាឆ្លងកាត់ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររួចមកហើយ កាលពីអតីតកាល ប៉ុន្តែនៅតែកម្ពុជាអាចរស់បាន ចុះទម្រាំពេលនេះកំណើនសេដ្ឋកិច្ចមាន ៧% ក្នុងមួយឆ្នាំ មានការរីកចម្រើនគ្រប់វិស័យ រឿងអ្វីមិនអាចរស់បាន? សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ឲ្យបង្កក់លុយមន្ត្រី ដែលមានលុយយកទៅទុកចោលនៅបរទេស ប៉ុន្តែសម្តេចមានប្រសាសន៍ថា ការបង្កក់លុយនេះមិនប៉ះពាល់ដល់សម្តេច រួមទាំងមន្ត្រី និងប្រជាពលរដ្ឋខ្មែរនោះទេ។

ការប្រកាសវិធានការឯកតោភាគីមិនផ្តល់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិនេះ គឺត្រូវបានគេមើលឃើញថា គ្រាន់តែជាឧបាយកលមួយ ក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជាតែប៉ុណ្ណោះ និងម្យ៉ាងទៀតនេះ ក៏ជាឧបាយកលថ្មីមួយដែលពួកគេនឹងបន្តអនុវត្ត ដើម្បីព្យាយាមសម្រេចនយោបាយចាស់ ក្នុងការធ្វើបដិវត្តន៍ពណ៌

បដិវត្តន៍ពណ៌ដែលកម្ពុជាបានទទួលរងគ្រោះក្រោមស្នាដៃ នៃក្រុមបក្សប្រឆាំង និងចៅហ្វាយនាយបរទេសរបស់ពួកគេ ហើយកឹម សុខា បានសារភាពដោយផ្ទាល់មាត់ ពីផែនការបដិវត្តន៍ពណ៌នេះ កាលពីឆ្នាំ ២០១៣ នៅអំឡុងពេលនៃការជួបសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួន នៅប្រទេសអូស្ត្រាលី ប៉ុន្តែកម្ពុជាបានទប់ស្កាត់ទាន់ពេលវេលាកុំឲ្យកើតមានបដិវត្តពណ៌នេះឡើង។ កម្ពុជាក៏បានវាយបំបាក់ឆ្អឹងខ្នង កាត់ក្បាល និងរំលាយដងខ្លួន នៃអង្គការបដិវត្តពណ៌នៅក្នុងប្រទេសរួចស្រេចទៅហើយ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា៖ «អ្នកដែលគាំទ្របដិវត្តន៍ មិនទាន់ផុតរលត់ទេ ការប៉ុនប៉ងរបស់គេចំពោះយើងនៅតែមាន។ ដូច្នេះ ទោះដោយតម្លៃណាក៏ដោយ មិនត្រូវឲ្យមានបដិវត្តពណ៌នៅកម្ពុជាទេ»។ នេះប្រហែលជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តនៃបដិវត្តពណ៌ ដែលពួកគេបានបរាជ័យនៅក្នុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ ហើយនិងក្រោយមកទៀត។ នេះក៏មកពីមូលហេតុសំខាន់ នៅត្រង់ថា ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា មានការសាមគ្គីភាពខ្ពស់ ដែលចង្អុលបង្ហាញ ទប់ស្កាត់ និងមានភាពរស់រវើក ក្នុងការដោះស្រាយបញ្ហា។ ប្រជាជនកម្ពុជា មិនចង់ឃើញសង្គ្រាមកើតឡើងវិញ ដោយទម្រង់ណាក៏ដោយ ជារដ្ឋប្រហារ ឬជាបដិវត្តពណ៌ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ កម្លាំងប្រដាប់អាវុធ គឺនៅឈរជាមួយរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាល។ កំណើនសេដ្ឋកិច្ចនៅតែល្អ អតិផរណានៅគ្រប់គ្រងបាន ក្នុងក្របខណ្ឌរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច។

ទោះបីជាអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ត្រូវរំលាយ មេគំនិតបដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួន និងខ្លះបានរត់ចោលស្រុក ក៏ប៉ុន្តែឧបាយកលពិសពុល នៃអ្នកបញ្ជាពីខាងក្រោយ មិនទាន់បានផុតរលត់នៅឡើយទេ។ បច្ចុប្បន្ននេះ ពួកគេព្យាយាមក្នុងការបង្កើតលេសសព្វបែបយ៉ាង ដើម្បីបំបែកបំបាក់ខ្មែរ និងងាយស្រួលក្នុងការជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងកម្ពុជា។ ពីពេលនេះដល់ក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ កម្ពុជានឹងបន្តរងនូវព្យុះភ្លៀងពីក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយបរ
ទេសរបស់ពួកគេ ដោយបង្កើនសង្គ្រាមចិត្តសាស្ត្របំបាក់ទឹកចិត្តអ្នកបោះឆ្នោតផង និងបំបាក់ទឹកចិត្តអ្នក ការពារជាតិនិងប្រជាជនផង។ ប៉ុន្តែឧបាយកលថ្មីក្នុងនយោបាយចាស់របស់ពួកគេ មិនអាចនឹងលាក់បាំង
បានឡើយ ហើយកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេច ចំពោះការបំពារបំពានទាំងកម្រោលឥតអៀនខ្មាស របស់បរទេសមួយចំនួន។ ពួកគេបានត្រឹមតែចាត់វិធានការខ្យល់តែប៉ុណ្ណោះ ប៉ុន្តែកម្ពុជានៅតែឈររឹងមាំ ជានិច្ចក្នុងស្មារតីសាមគ្គីជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ប្រសិនបើគ្មានការសាមគ្គីភាពរឹងមាំនៅ គ្រប់ស្រទាប់ទាំងអស់នៅក្នុងចំណោមថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋទេ ម៉្លេះសម ផែនការបដិវត្តន៍ពណ៌ដែលអាមេរិកគាំទ្រ នៅកម្ពុជាមិនត្រូវបានវាយកម្ទេចខ្ខាត់ខ្ចាយនោះឡើយ ហើយអ្នកនយោបាយកញ្ជះបរទេសដូចជា កឹម សុខា ក៏មិនត្រូវបានចាប់ខ្លួន រីឯជនក្បត់ជាតិ សម រង្ស៊ី ដែលជាប់ឈ្មោះថាជា អ្នកនយោបាយពូកែញុះញង់ស្អប់ខ្ពើមជាតិសាសន៍ រួមនឹងគូកនក៏មិនរត់ចោលស្រុកដូចសព្វថ្ងៃនេះដែរ។

តាមពិត អ្វីដែលក្រុមអ្នកនយោបាយរត់ចោលស្រុក និងចៅហ្វាយនាយរបស់គេខិតខំបំផ្លាញខ្មែរ មិនបានឱ្យខ្មែរខ្លាចរអាឡើយ ហើយក៏មិនធ្វើឱ្យខ្មែរបែកបាក់សាមគ្គីដែរ។ វាជាការចូលរួមពង្រឹងបន្ថែមឱ្យ កម្ពុជាមានសាមគ្គីភាពរឹងមាំ ឈរលើភាពត្រឹមត្រូវ និងការពារឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែល ខ្លួនរកបានដោយពិបាក បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ដែលមួយផ្នែកជាកេរតំណែល សង្គ្រាមស្នាដៃរបស់អាមេរិក។ អាមេរិកដែលពលរដ្ឋកម្ពុជាលែងជឿទុកចិត្ត ហើយព្រោះមេរៀនប្រវត្តិសាស្ត្រ បានបន្សល់ទុកនូវក្តីឈឺចាប់ខ្លោចផ្សារ សោកនាដកម្មរាប់មិនអស់។ ហេតុដូច្នេះហើយបានជា ចាំបាច់ កម្ពុជាត្រូវតែតាមមើលឲ្យជាប់ ហើយទោះជាដោយតម្លៃណាក៏ដោយ កម្ពុជាមិនត្រូវឲ្យកើតឡើងនូវបដិវត្តពណ៌ ដែលនាំដល់ការស្លាប់ប្រជាជននោះឡើយ។ កម្ពុជាមានសាមគ្គីខ្ពស់បំផុតចំពោះមុខនៃឧបាយកល ថ្មីក្នុងនយោបាយចាស់បំផ្ទុះបដិវត្តន៍ពណ៌នៅកម្ពុជានេះ៕

ដោយ៖ ចៅ ចាក់ស្មុក
សៀមរាបអង្គរ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨

Facebook Comments
Loading...