អាជ្ញាធរជាតិអប្សរានិងការបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ

0
900

ក្រុមប្រឹក្សាកុមារនិងយុវជនចំនួន៤០០នាក់ ជាបន្តបន្ទាប់បានមកទស្សនាស្វែងយល់អំពីអង្គរនៅក្នុងខែឧសភា ឆ្នាំ២០១៨ ដើម្បីទទួលបានការអប់រំបណ្តុះបណ្តាល និងស្វែងយល់អំពីប្រវត្តិសាស្រ្ត វប្បធម៌ និងបេតិកភណ្ឌអង្គរ។ ដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំដោយនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជននិងកីឡា ដោយសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីបង្ហាត់បង្ហាញដល់កុមារនិងយុវជន ទាំងនៅមជ្ឈមណ្ឌលជាតិយុវជនខេត្តសៀមរាបនិងនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

ការបណ្តុះបណ្ដាលនេះ សំដៅឱ្យសិស្សនិងយុវជនបានយល់ដឹងអំពីប្រវត្តិសាស្រ្តនៃទឹកដីមួយដែលជាអតីតរាជធានីនៃចក្រភពខ្មែរ ដែលមានអារ្យធម៌ចម្រុងចម្រើន ហើយដែលបច្ចុប្បន្នក្លាយជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកដ៏មានតម្លៃខ្ពស់បំផុតរបស់ជាតិ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ បានលើកឡើងក្នុងកម្មវិធីបណ្តុះបណ្តាលថា អង្គរមិនត្រឹមតែជារាជធានីនៃចក្រភពមួយទេ តែអង្គរបានក្លាយជាអារ្យធម៌មួយដោយខ្លួនឯង និងបានរីកសន្ធឹងទៅសម្គាល់ដល់តំបន់ភូមិសាស្ត្រទាំងមូលទៀតផង ដែលនេះអាចសម្គាល់បានដោយការត្បាញបញ្ចូលគ្នារវាងស្ថានភាពភូមិសាស្រ្តលាយឡំជាមួយសំណល់បុរាណវិទ្យា។ ក្រុងពិសិដ្ឋ ព្រះនគរ ដែលផ្សំទ្បើងដោយប្រាសាទរាប់រយ អាងរក្សាទឹកបារាយណ៍ ប្រព័ន្ធធារាសាស្រ្ត និងសំណល់បុរាណវិទ្យាដទៃទៀត តាំងនៅក្នុងលម្ហទេសភាពធំទូលាយមួយ ដែលលេចទ្បើងដោយក្រុងតូចៗ ទីប្រជុំជនជាច្រើននៅផ្តុំគ្នា។

លោកបន្តថា អង្គរមិនបានបាត់ខ្លួនទៅតាមសម័យកាលដែលកន្លងផុតទៅទេ គឺសំណល់បុរាណវិទ្យា សំណង់ស្ថាបត្យកម្ម ស្លាកស្នាមនៃរាជធានីនៃចក្រភពខ្មែរ ដែលបានស្ថាបនាឡើងរវាងដើមសតវត្សទី៩ដល់ទី១៥ ភាគច្រើននៅគង់វង្សដល់សព្វថ្ងៃ។ ប្រវត្តិសាស្ត្រនៃអារ្យធម៌សម័យអង្គរពិតជាបានជះឥទ្ធិពលដល់ការអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងជ្រាលជ្រៅ ទាំងក្នុងទម្រង់សង្គមនិងវប្បធម៌ជាបន្តបន្ទាប់ ដោយផ្សារភ្ជាប់ទៅបុព្វបុរសអង្គររបស់ខ្លួន។ លើសពីនេះ អង្គរជានិមិត្តរូបជាតិដ៏ធំសម្បើមក្នុងសតវត្សរទី២១ ហើយរមណីយដ្ឋាននេះក៏បានក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញពេញនិយមបំផុតមួយនៅអាស៊ីនិងនៅលើពិភពលោកដោយមានភ្ញៀវទេសចរចម្រុះជាតិសាសន៍បានមកទស្សនា និងទទួលចំណាត់ថ្នាក់ខ្ពស់បំផុតជាគោលដៅទេសចរណ៍របស់ពិភពលោកក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។

សូមបញ្ជាក់ថា នាឆ្នាំ១៩៩១ អតីតព្រះមហាក្សត្រកម្ពុជាព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ បានអំពាវនាវដល់អង្គការយូណេស្កូដើម្បីឱ្យជួយស្រោចស្រង់អង្គរ។ ជាការឆ្លើយតបទៅនឹងសំណើនេះ អគ្គនាយកអង្គការយូណេស្កូបានចាប់ផ្តើមធ្វើយុទ្ធនាការអន្តរជាតិមួយជាផ្លូវការដើម្បី “ស្រោចស្រង់អង្គរ”។ នៅឆ្នាំ១៩៩២ ប្រាសាទអង្គរត្រូវបានអង្គការយូណេស្កូបញ្ចូលជាបេតិកភណ្ឌពិភពលោក។ ការចុះបញ្ជីនេះបាននាំមកនូវកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ។

មកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការអន្តរជាតិនេះបាននិងអនុវត្តនូវគម្រោងជាច្រើនក្នុងការអភិរក្សនិងការគ្រប់គ្រងឧទ្យានអង្គរអស់រយៈពេល២៥ឆ្នាំមកហើយ។ រីឯគម្រោងអភិរក្សថ្មីៗក៏នៅតែបន្តក្រោមឆត្រអង្គការយូណេស្កូ ដែលនេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងដែលមានតាំងពីមុនប្រវត្តិសាស្រ្តរវាងតំបន់អង្គរនិងតំបន់អាស៊ី ព្រមទាំងពិភពលោកទាំងមូល៕

Facebook Comments
Loading...