អ្នកស្រុកអង្គរចំនួន១៣៨គ្រួសារទទួលបានការអនុញ្ញាតឱ្យសាងសង់ និងជួសជុលសំណង់ស្រាលក្នុងខែឧសភា

0
925

ក្នុងអំឡុងពេលខែឧសភានេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាចបានចំនួន១៣៨ករណី រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន១៦ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន១៣ករណី ស្រុកពួក អនុញ្ញាតបានចំនួន៤៧ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន៥៣ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន០៩ករណី។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជាប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដនិងមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានឧបត្ថម្ភថវិកានិងផ្តល់ស័ង្កសីសម្រាប់ប្រក់ដំបូលដល់ក្មេងកំព្រាបីនាក់បងប្អូននៅភូមិគោកស្នូល ឃុំខ្នាត ស្រុកពួក និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋចំនួនបីគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះនៅភូមិភ្លង់ និងភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ និងមួយគ្រួសារទៀតស្ថិតនៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង។

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដែលគ្របដណ្តប់លើផ្ទៃដី ៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២ លើការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់និងជួសជុលសំណង់តូចតាច ការដោះស្រាយបញ្ហាប្រឈមនានា ការលើកកម្ពស់សុខុមាលភាពមាតានិងទារក ការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ប្រជាជនគ្រប់ៗគ្នា៕

Facebook Comments
Loading...