ថ្នាក់ក់ដឹកនាំអាជ្ញាធរជាតិអប្សរា នាំយកអំណោយសង្គ្រោះបឋមជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅឃុំបាគង

0
12030

ថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០១៨ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង រួមនឹងក្រុមការងារ បានចុះជួបប្រជាពលរដ្ឋ នៅភូមិឪឡោក និងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលជួបគ្រោះធម្មជាតិដោយផ្ទះ និងរោង របស់ពួកគាត់ដួលរាបដល់ដី ដោយសារភ្លៀងមួយមេធំលាយដោយខ្យល់ ព្យុះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ។

ឯកឧត្តម សុខ សង្វារ បានសម្តែងការចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិនេះ និងផ្តាំផ្ញើប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះធម្មជាតិ ដោយសារតែរដូវវស្សាបានឈានចូលមកដល់ ដែលអាចនឹងមានភ្លៀង និងខ្យល់បក់បោកខ្លាំងៗ បង្កគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិ និងអាយុវជីវិត។ ជាមួយគ្នានឹងការចុះសួរសុខទុក្ខនេះ ឯកឧត្តមនិងក្រុមការងារក៏បាន ផ្តល់ជំនួយសង្គ្រោះបឋមដល់ក្រុមគ្រួសាររងគ្រោះ ដូចជា ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងអង្ករជាដើម។

ជាមួយគ្នានេះ ឯកឧត្តមក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីសាងសង់ផ្ទះថ្មីជូនគ្រួសារងគ្រោះមួយគ្រួសារ ដែលរលំដួលផ្ទះទាំងស្រុង ដោយឯកឧត្តមនិងក្រុមការងារជា អ្នកធានាលើការចំណាយ និងប្រជាពលរដ្ឋក្នុងភូមិជាអ្នកចូលរួមសាងសង់។ ដោយឡែក ក្រុម ការងារបានអនុញ្ញាតឱ្យគ្រួសារពីរផ្សេងទៀតដែលរងគ្រោះដោយដួលរោងគោ និងផ្ទះបាយ ដើម្បី ជួសជុលឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា សំណង់ទាំងពីរនេះជាសំណង់ចាស់ ត្រឹមត្រូវតាមច្បាប់។

លោក យន់ វន់ មេឃុំបាគងបានឱ្យដឹងថា ភ្លៀងធំលាយនឹងខ្យល់ព្យុះកាលពីថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋ៣គ្រួសារក្នុងឃុំបាគង ក្នុងនោះផ្ទះមួយខ្នង រោងគោមួយ និងផ្ទះបាយ ដែលរលំដួលរាបដល់ដី។

លោកយាយ ភៀម ហឿន ជាម្ចាស់ផ្ទះរង់គ្រោះបានថ្លែងអំណរគុណយ៉ាងជ្រលជ្រៅ ដល់រាជរដ្ឋាបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជា ពលរដ្ឋគ្រប់ពេលវេលា៕

Facebook Comments
Loading...