អាជ្ញាធរជាតិអប្សរាកំពុងជួសជុលកំណាត់ផ្លូវវង់ធំដើម្បីសម្រួលចរាចរណ៍ឱ្យប្រសើរជាងមុន

0
1026

កំណាត់ផ្លូវក្រាលកៅស៊ូនៅវង់ធំក្នុងតំបន់ឧទ្យានអង្គរដែលមានប្រវែងជាង២០គីឡូម៉ែត្រ ជាផ្នែកមួយដ៏សំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកស្រុកផងនិងបម្រើឱ្យវិស័យទេសចរណ៍ផង ប៉ុន្តែផ្លូវនេះបានរងនូវការខូចខាតដោយអន្លើរៗ

បច្ចុប្បន្នកំណាត់ផ្លូវក្រាលកៅស៊ូចាប់ពីក្លោងទ្វារដីឆ្នាំង រហូតដល់ទ្វារទឹកប្រាសាទព្រះខ័ន កំពុងជួសជុលកែលម្អឡើងវិញទាំងស្រុងតាមបច្ចេកទេសដោយអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ។ គម្រោងជួសជុលផ្លូវវង់ធំនេះបានសិក្សាបច្ចេកទេសចាប់តាំងពីឆ្នាំ២០១៦ ហើយកន្លងមកក្រុមអ្នកជំនាញការលើផ្នែកអភិរក្សបុរាណវិទ្យានៃគណៈកម្មការអាយស៊ីស៊ី-អង្គរ បានចុះពិនិត្យនិងផ្តល់យោបល់នៅនឹងកន្លែង ព្រមទាំងផ្តល់ការការអនុម័តឱ្យធ្វើការជួសជុលក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីខែធ្នូ ឆ្នាំ២០១៧។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ ក្រុមការងារបានអនុវត្តការងារកាលពីខែមីនា ឆ្នាំ២០១៨ ហើយការអនុវត្តគម្រោងនេះមានរយៈពេល៤ខែទើបបញ្ចប់។ រីឯការជួសជុលកែលម្អផ្លូវវង់ធំវិញ ក៏មិនបានធ្វើឡើងទាំង២០គីឡូម៉ែត្រតែម្តងនោះទេ ព្រោះធ្វើទៅតាមលទ្ធភាពថវិកាប្រចាំឆ្នាំ។ ជាក់ស្តែងគម្រោងមូលនិធិឆ្នាំ២០១៧ អាចធ្វើបានប្រវែង៤០៦០ម៉ែត្រ និងសម្រាប់ឆ្នាំ២០១៨ អាចជួសជុលបន្ថែមបានប្រវែង៥០០០ម៉ែត្រទៀត។

លោកបន្តទៀតថា៖ ដំបូងឡើយ ការជួសជុលគ្រោងពង្រីកទទឹងរហូតដល់៩ម៉ែត្រ គឺ៦ម៉ែត្រសម្រាប់យានយន្តធ្វើចរាចរណ៍និង១ម៉ែត្រសងខាងសម្រាប់អ្នកជិះកង់។ ប៉ុន្តែក្រោយកិច្ចប្រជុំជាមួយនាយកដ្ឋានពាក់ព័ន្ធ បានឱ្យដឹងពីចរាចរណ៍ផ្លូវនេះថាមិនសូវមានអ្នកជិះកង់ច្រើន ទើបសម្រេចពង្រីកទទឹងផ្លូវត្រឹម៦ម៉ែត្រ លើទទឹងផ្លូវចាស់៥ម៉ែត្រ សម្រាប់ប្រើប្រាស់រួម រវាងអ្នកជិះកង់និងយានយន្ត។ ក្រៅពីការកែលម្អផ្លូវនេះ ក្រុមការងារក៏បានកែសម្រួលប្រព័ន្ធរំដោះទឹកអមសងខាងផ្លូវដោយប្រើបច្ចេកទេសបើកមុខលូជារាងត្រីកោណដើម្បីឱ្យទឹកជ្រាបចូលក្នុងដីបានលឿន និងបង្ការការបាក់ស្រុតដីលុបប្រព័ន្ធបង្ហូរទឹកផងដែរ។ ជាការកត់សម្គាល់កំឡុងពេលនៃការជួសជុលនេះក៏បានបង្ករការហុយដី ការរំខានក្នុងការធ្វើដំណើរខ្លះៗដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលទស្សនាតំបន់វង់ធំ ពេលក្រុមការងារកំពុងឈូសឆាយ ចាក់កៅស៊ូ និងរោយកម្ទេចថ្មតាមលក្ខណៈបច្ចេកទេស។ ដូច្នេះរាល់ពេលធ្វើដំណើរឆ្លងកាត់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បង្ការកុំឱ្យមានគ្រោះថ្នាក់ដោយយថាហេតុ និងត្រូវពាក់ម៉ាស មួក ឬកន្សែងការពារធូលីដីហុយពេលធ្វើដំណើរដោយកង់ឬម៉ូតូ។ ក្នុងនាមស្ថាប័នជំនាញអាជ្ញាធរជាតិអប្សរាសូមការអធ្យាស្រ័យនិងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ចំពោះផលលំបាកតិចតួចដែលបង្ករឡើងពីការស្ថាបនាផ្លូវនេះ។ ក្នុងពេលឆាប់ៗបន្ទាប់ពីចាក់កៅស៊ូរួចរាល់ទាំងស្រុង ផ្លូវនេះនឹងបាត់ហុយ ហើយក្លាយជាផ្លូវមួយដ៏ល្អសម្រាប់ការធ្វើដំណើរ ងាយស្រួលក្នុងការទស្សនាប្រាង្គប្រាសាទប្រកបដោយផាសុខភាព៕










Facebook Comments
Loading...