ព្រះវិហារ៖ សត្វទាព្រៃស្លាបសចំនួន០២ក្បាល ត្រូវបានគេជួយសង្គ្រោះនៅក្នុង ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ ខណៈពួកវាត្រូវ បានអ្នកភូមិប្រទៈឃើញមានភាពទន់ខ្សោយ និងមិនអាចហោះបាន។ ទាព្រៃស្លាបសទាំង០២ក្បាលនេះបាន ត្រូវបានក្រុមអ្នកអភិរក្សនៃក្រសួង បរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ប្រគល់ទៅក្រុមការ ងាររបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាប ដើម្បីពិនិត្យ និងមើលថែរក្សា រហូតដល់ពេលពួកវាជាសះស្បោយ និងអាចរស់នៅក្នុងធម្មជាតិវិញបាន ទើបលែងទៅក្នុងព្រៃវិញ។
ទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរង គ្រោះជិតផុតពូជនៅលើសាកលលោក ដោយសារតែចំនួនរបស់ពួកវានៅ បន្តធ្លាក់ចុះយ៉ាងខ្លាំងតាមរយៈការបាត់បង់ទីជម្រក ការរំខាននៅ តាមដង ព្រែក និងការបរបាញ់ជាដើម។ ចំនួនទាព្រៃស្លាបសនៅលើសាកលលោក មានចន្លោះ២៥០-១០០០ក្បាល ក្នុងនោះដែរវាមានចំនួនតិចតួចរស់នៅ ក្នុងប្រទេសកម្ពុជា។
លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៃក្រសួងបរិស្ថាន និងអង្គការ WCS បាននិយាយថា៖ “បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិ ក្រុមអ្នកអភិរក្សរបស់មន្ទីរបរិស្ថាន និងអង្គការWCS បានធ្វើដំណើរទៅកាន់ភូមិឈូក ស្រុកគូលេន ខេត្តព្រះវិហារ ដើម្បីទទួលយកទាព្រៃស្លាបសទាំង០២ក្បាលនេះ ហើយប្រគល់បន្តឲ្យក្រុមការងាររបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស ជីវចម្រុះដើម្បីយកទៅមើលថែរក្សាមួយរយៈពេលខ្លី រហូតដល់វាមានកំលាំង ដូចធម្មតា ទើបលែងទៅក្នុងធម្មជាតិ វិញបាន។”
លោក រស់ វ៉ាន់ បានបន្តថា៖ “ការអប់រំប្រជាសហគមន៍ឲ្យដល់ដឹងអំពី ការងារអភិរក្សសត្វព្រៃ បានលើកទឹកចិត្តឲ្យពួកគាត់ផ្តល់ព័ត៌មានអំពី សត្វព្រៃមកកាន់ក្រុមអ្នកអភិរក្ស។ ប្រសិនបើពួកគាត់មិនបានយល់ដឹងអំពី សារៈសំខាន់នៃការងារអភិរក្សសត្វព្រៃទេនោះ ពួកគាត់ប្រហែលជាយក ទាព្រៃស្លាបសទាំង០២នេះ ទៅបរិភោគ ឬលក់បាត់ហើយ។”
តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារ ដែលរួមបញ្ចូល ទាំងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃឆែបផងដែរនោះ គាំទ្រដល់ការរស់នៅរបស់សត្វ ស្លាបប្រភេទរងគ្រោះជាសាកលជាច្រើនប្រភេទ។ សត្វស្លាបទាំងអស់នោះ រួមមាន ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស និងសត្វត្មាត០៣ប្រភេទដែល សត្វស្លាបទាំងអស់នេះសុទ្ធតែជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើ សាកលលោក សត្វទាព្រៃស្លាបស និងសត្វព្រៃជាច្រើនប្រភេទផ្សេងទៀត។ កម្មវិធីការពារសំបុកសត្វស្លាប គឺជាគម្រោងអភិរក្សមួយបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាការប្រមូលពងកូនរបស់សត្វស្លាប។ តាមរយៈ គម្រោងនេះ ប្រជាសហគមន៍រស់នៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព និងឆែប ទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនបើពួកគាត់ទទួល បានជោគជ័យក្នុងការងារត្រួតពិនិត្យ ការពារ និងយាមសំបុកសត្វស្លាប សំខាន់ៗ រហូតដល់ពេលកូនវាញាស់។
លោក Michael Meyerhoff ប្រធានគម្រោងប្រចាំមជ្ឈមណ្ឌលអង្គរសម្រាប់ ការអភិរក្សជីវចម្រុះ បាននិយាយថា៖ “ទាព្រៃស្លាបសទាំង០២ក្បាលនេះ បានមកដល់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ហើយឥឡូវនេះ យើងកំពុងត្រួតពិនិត្យ និងមើលថែទាំពួកវាយ៉ាងយកចិត្តទុកដាក់។ តាមរយៈការអង្កេតជាបឋម ពួកវាមានសុខភាពល្អ ហើយយើងអាចនឹង លែងពួកវាទៅក្នុងព្រៃវិញក្នុងរយៈពេល២-៣សប្តាហ៍ខាងមុខ ប្រសិន បើយើងពិនិត្យឃើញថាវាជាសៈស្បោយទាំងស្រុង និងអាចរស់នៅក្នុង ធម្មជាតិដោយខ្លួនឯងបាន។”
ប្រភព Facebook ៖ WCS Cambodia