ភ្នំពេញ ៖ គម្រោងសកម្មភាពជាអាទិភាពនៅក្នុងខណ្ឌបឹងកេងកង ចំនួន៣៧៨ គម្រោង ស្មើនឹង១០២% នៃគម្រោងស្នើសុំគាំទ្រសរុប សម្រាប់អភិវឌ្ឍមូលដ្ឋានខណ្ឌ ឆ្នាំ២០២៥ ទទួលបានការគាំទ្រជាផ្លូវការហើយ ពីមន្ទីរ អង្គភាព និង អង្គការដៃគូអភិវឌ្ឍនានា ផ្នែកឯកជន និងសប្បុរសជន ក្នុងសិក្ខាសាលាសមាហរណកម្មផែនការ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌ-សង្កាត់ នារសៀលថ្ងៃទី២៣ខែតុលា នៅសាលាខណ្ឌបឹងកេងកង។
លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង មានប្រសាសន៍ថាគម្រោងអាទិភាពទាំង ៣៧៨គម្រោងនេះ សម្រាប់កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់ខណ្ឌ មាន៨៥ គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន ផ្នែករដ្ឋបាលនិងសន្ដិសុខ។ ដោយឡែកសម្រាប់គម្រោងអាទិភាពរបស់ សង្កាត់ ទាំង៧ សរុប មាន២៩៣ គម្រោង ដែលជាគម្រោង ផ្នែកអាជីកម្ម សេដ្ឋកិច្ច អប់រំ សុខភាព ភាពងាយរងគ្រោះ បរិស្ថាន រដ្ឋបាល និង សន្តិសុខ។
ថ្លែងក្នុងឱកាសនោះ លោកសុខ សម្បត្តិ អភិបាលខណ្ឌ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងដែលទទួលបានការគាំទ្រនាពេល នេះគឺជា កម្មវិធី សកម្មភាព អាទិភាព ក្នុងការចូលរួមបំពេញនូវ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការចូលរួមអនុវត្ត តាមយុទ្ធសាស្ដ្រ បញ្ចកោណ ដំណាក់ការទី១របស់រាជរដ្ឋាភិបាល អណត្តិទី៧ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងការអនុវត្តគោលនយោបាយវិមជ្ឈកា វិសហមជ្ឈកា និង ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអោយកាន់តែប្រសើរ។
ដើម្បីជំរុញការអនុវត្តគម្រោងឲ្យកាន់តែមានប្រសិទ្ធភាព លោក អភិបាល បានណែនាំ ដល់បណ្ដា អង្គភាព មន្ទីរជំនាញ អង្គការសង្គមស៊ីវីល ជាដៃគូអភិវឌ្ឍដែលបានចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ក្នុងថ្ងៃនេះសូមបញ្ចូលគម្រោងដែលបានគាំទ្រ ទៅក្នុងគម្រោងអភិវឌ្ឍនានារបស់ខណ្ឌ និង សង្កាត់ ទៅក្នុងផែនការសកម្មភាព របស់អង្គភាពនិមួយៗ និង ត្រូវអនុវត្តន៍ផែនការ សកម្មភាពការងាររបស់ខ្លួន ឲ្យបានច្បាស់លាស់ និង តាមកិច្ចព្រមព្រៀង បណ្ដោះ អាសន្ន ដែលបានចុះហត្ថលេខារួច។
លោក អភិបាលខណ្ឌ បន្ដថា ការអនុវត្តគម្រោងដែលបានគាំទ្រ ត្រូវមានកិច្ចសហការ និង ពិភាក្សាបន្ថែមទៀត ជាមួយខណ្ឌនិង តាមបណ្ដាសង្កាត់ និង ត្រូវខិតខំអនុវត្តន៍ឲ្យបានទាន់ពេលវេលាកំណត់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន។ ជាមួយគ្នានេះដែរ លោក សុខ សម្បត្តិ បានក្រើនរំលឹកដល់មន្ដ្រីថ្នាក់ មូលដ្ឋាន ពិសេសថ្នាក់សង្កាត់ ត្រូវតាមដានពីការអនុវត្តន៍គម្រោង នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានច្បាស់ លាស់ ព្រោះអ្នកនៅក្នុងមូលដ្ឋានគឺជាអ្នកដែលទទួលនូវប្រយោជន៍ពីគម្រោងនេះដោយផ្ទាល់ ប្រសិនបើ គម្រោងនេះមានផលវិបាកអ្វីកើតឡើងពីការអនុវត្តន៍ អាជ្ញាធរមូលដ្ឋាននេះហើយ ដែលត្រូវចេញមុខមកទទួលខុសត្រូវមុនគេ។
គួរបញ្ជាក់ថានៅក្នុងឆ្នាំ២០២៤ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋខណ្ឌបឹងកេងកង ទទួលបានការ គាំទ្រគម្រោងសកម្មភាពជាអាទិភាព សរុបចំនួន១៤០គម្រោង អនុវត្តសម្រេចបានទាំងស្រុង ទាំង១៤០ គម្រោងពុំមានសេសសល់អ្វីឡើយ៕