ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្តីពីការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់កាពារមណ្ឌលប្រឡង និងការកំណត់បែងចែកភារកិច្ចការពារនៅតាមមណ្ឌលប្រឡង មធ្យមសិក្សាទុតិយភូមិ(BacII)និងមណ្ឌលកំណែទាំង២ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នាព្រឹកថ្ងៃថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា ចាប់ពីព្រឹកថ្ងៃទី៧តុលានេះតទៅរហូតដល់ថ្ងៃបញ្ចប់នៃការប្រលង កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហត្ថ និងសង្កាត់ពាក់ព័ន្ធ បើមានក្មេងណាមកអុកឡុកនៅជុំវិញមណ្ឌលប្រឡងទាំង៣មណ្ឌលក្នុងខណ្ឌបឹងកេងកង ត្រូវឃាត់ខ្លួនឲ្យបានយកទៅសួរនាំហើយចាំរាយការមកពេលក្រោយ។
លោកអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បន្តថា ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយ រលូន និងជោគជ័យ ជាពិសេស ធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀប រៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង៣មណ្ឌលក្នុងខណ្ឌបឹងកេងកង គណៈកម្មការដែលបានចាត់តាំងរួចត្រូវធ្វើតាមតួនាទីរៀងៗខ្លួន ដោយត្រូវផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារសិក្សាគ្រប់ប្រភេទជុំវិញមណ្ឌលប្រលងទាំងអស់ ចាប់ពីល្ងាចថ្ងៃទី៧នេះតទៅរហូតដល់ថ្ងៃទី៩តុលា។ និងទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬ សកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជនឡើយ។
លោកបញ្ជាក់ថា បញ្ហាចរាចរណ៍ក៍សំខាន់ណាស់ដែរ ដោយកម្លាំងរបស់យើងត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍តាមបណ្ឌលប្រឡងឲ្យបានល្អប្រសើរមិនត្រូវឲ្យមានការកកស្ទះឡើយ ក្រែងលោមានការប៉ះពាល់ឪពុក ម្តាយសិស្សជូនកូនមកប្រឡង ឬបេក្ខជនប្រឡង ហើយបើមានបញ្ហានេះ កើតឡើងត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡង ថ្ងៃទី៨ ទី៩ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខណ្ឌបឹងកេងកង មានមណ្ឌលប្រឡងចំនួន៣ គឺវិទ្យាល័យជាស៊ីមបឹងកេងកង វិទ្យាល័យព្រះយុគគន្ធ និងវិទ្យាល័យទួលស្វាយព្រៃ ស្មើនឹង៩០បន្ទប់ មានបេក្ខជនសរុប២ ២២៥នាក់៕