អាជ្ញាធរជាតិអប្សរា ទទួលកុលាលភាជន៍ពីតំណាងសមាគមមគ្គុទេសក៍ភាសាចិន

0
20132

រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តំណាងសមាគមមគ្គុទេសភាសាចិន-កម្ពុជា លោក ធៀម ធឿន ដែលមានទីលំនៅរស់នៅភូមិវាល ឃុំគោកចក បានយកកុលាលភាជន៍

ដែលមានដូចជាថូ និងបំណែកក្រឡមួយចំនួន យកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា។ តាមការលើកឡើងរបស់លោក ធៀម ធឿន កុលាលភាជន៍នេះ ត្រូវបានអ្នកជិតខាងរបស់លោក រើសបានដោយចៃដន្យនៅពេលគាត់ជីកដីគាស់ដើមចេកលើដីរបស់ខ្លួន អំឡុងខែកក្កដា ឆ្នាំ២០១៧។
716x266_Apsara26_14-37-52-S
ពិធីប្រគល់កុលាលភាជន៍នេះ ត្រូវបានធ្វើឡើងនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

លោក ធៀម ធឿន បានឱ្យដឹងថា កុលាលភាជន៍ដែលយកមកប្រគល់នៅពេលនេះ គឺជារបស់អ្នកជិតលោក ដែលបានជីកដីឃើញកាលពីកន្លងមក។ លោកបន្ថែមថា ក្រោយរក្សាទុកជាច្រើនមក អ្នកភូមិម្នាក់នោះបានប្រគល់ឱ្យលោកអំឡុងសប្តាហ៍មុនដើម្បីរក្សាទុក តែចុងក្រោយលោកសម្រេចប្រគល់វត្ថុបុរាណទាំងនេះដល់អាជ្ញាធរជាតិអប្សរា ដែលមានសមត្ថកិច្ចថែរក្សាវត្ថុទាំងនេះ។

លោកបញ្ជាក់ទៀតថា លោកស្រឡាញ់វប្បធម៌ដូនតា និងចង់ថែរក្សាឱ្យនៅគង់វង្ស និងបានសម្រេចចិត្តយកមកប្រគល់ជូនដល់សារមន្ទីរសីហនុ-អង្គរ ដើម្បីជួសជុល និងថែរក្សា។

លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍នៃមជ្ឍមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្តល់ឯកសារអង្គរ បានបង្ហាញថា បំណែកកុលាលភាជន៍ទាំងនេះស្ថិតក្នុងពីរសម័យកាលផ្សេងគ្នា គឺសម័យអង្គរ និងក្រោយអង្គរ។ ចំណែកកុលាលភាជន៍ដែលទទួលបាននេះ គឺកុលាលភាជន៍ខ្មែរ និងមួយចំណែកជាកុលាលភាជន៍ចិន។ លោកបានបញ្ជាក់ថានេះជាភស្តុតាងមួយបង្ហាញថាខ្មែរសម័យបុរាណក្រៅពីផលិតកុលាលភាជន៍សម្រាប់ប្រើប្រាស់ក្នុងស្រុក ថែមទាំងបាននាំចូលពីចិនទៀតផងតាមរយៈឈ្មួញចិន។ លោកបន្ថែមថាតួនាទីសំខាន់នៃកុលាលភាជន៍គឺប្រើប្រាស់សម្រាប់សាសនា និងសម្រាប់ជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរអប្សរា បានថ្លែងអំណរគុណ និងកោតសរសើដល់លោក ធៀម ធឿង ដែលមានចិត្តចង់ថែរក្សាទុកកេរមរតកវប្បធម៌ខ្មែរ តាមរយៈការប្រគល់ជូន កុលាលភាជន៍ដល់អាជ្ញាធរជាតិអប្សរា។ ឯកឧត្តមបញ្ជាក់ថាដើម្បីដឹងឱ្យកាន់តែច្បាស់លាស់ ក្រុមអ្នកជំនាញបុរាណវិទ្យានឹងសិក្សាបន្ថែមអំពីសម័យកាល និងតួនាទី របស់កុលាលភាជន៍ទាំងនេះ។

ឯកឧត្តមក៏បានសំណូមពរដល់ប្រជាជនទាំងអស់សូមចូលរួម ក្នុងរណីរកឃើញវត្ថុបុរាណនានា ត្រូវផ្តល់ព័ត៌មានដល់អាជ្ញារធរមូលដ្ឋាន ឬតាមរយៈអាជ្ញាធរជាតិអប្សរាដើម្បីអោយអ្នកជំនាញសិក្សាស្រាវជ្រាវ និងយកមករក្សាទុកនៅសារមន្ទីរ ដើម្បីទុកជាសម្បត្តិវប្បធម៌ឱ្យកូនចៅបានដឹង ក៏ដូចជាបង្ហាញដល់អន្តរជាតិបានដឹងឮផង៕









Facebook Comments
Loading...