ទើបចាប់បដិសន្ធិជាង៦ ឆ្នាំនេះ ឃុំតេជោអភិវឌ្ឍន៍ មានការរីកចម្រើនយ៉ាងខ្លាំង

0
77287

មានចម្ងាយជិត ១០០គីឡូម៉ែត្រស្ថិតនៅភាគឧត្តរនៃទីរួមខេត្តកំពត, តេជោអភិវឌ្ឍន៍ជាឃុំមួយទើបកកើតឡើងជាងប្រាំមួយឆ្នាំប៉ុណ្ណោះ តែគ្រប់វិស័យក្នុងដែននៃរដ្ឋបាលដែលពឹងផ្អែកជាសំខាន់លើវិស័យកសិកម្មនេះមានការប្រែប្រួលរីកចម្រើនយ៉ាងឆាប់រហ័សបើប្រៀបធៀបទៅនឹង បណ្តាឃុំសង្កាត់ទាំងអស់ក្នុងខេត្តកំពត។ ជាទឡ្ហីករណ៍ដែលត្រូវបានវាយតម្លៃថាមូលដ្ឋានដែលដឹកនាំដោយមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាមួយមានការរីកចម្រើននេះ គឺដោយសារក្នុងចំណោមប្រជាពលរដ្ឋជាង ១.៩៥០គ្រួសារ មានយានយន្ត និងគ្រឿងចក្រផ្នែកកសិកម្មសម្រាប់ប្រើប្រាស់ប្រមាណជាងជិត ១.៥០០គ្រឿងឯណោះ។

2017-11-20_07-22-54

ទឹកដីតេជោអភិវឌ្ឍន៍

លោក សាន គ្រីយ៉ា ប្រធានក្រុមប្រឹក្សាឃុំតេជោអភិវឌ្ឍន៍បានរៀបរាប់ប្រាប់ ទស្សនាវដ្តីប្រជាជនថា ឃុំនេះបានបង្កើតឡើងកាលពីថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១១ ដែលកាត់ចំណែកផ្ទៃដីមួយផ្នែកចេញពីឃុំត្រពាំងភ្លាំង ស្រុកឈូក ។ ឃុំមានភូមិចំនួនប្រាំមួយជាចំណុះ គឺភូមិតេជោអភិវឌ្ឍន៍ ភូមិតេជោអន្លង់ក្មេងលេង ភូមិតេជោក្បាលដំរី ភូមិតេជោអង្កាញ់ ភូមិតេជោពង្រក និងភូមិតេជោជ្រៃបាក់។

ឃុំតេជោអភិវឌ្ឍន៍មានព្រំប្រទល់ខាងជើងនិងខាងកើតជាប់ខេត្តកំពង់ស្ពឺ។ ខាងត្បូងទល់ឃុំត្រពាំងភ្លាំង ខាងលិចទល់ខេត្តព្រះសីហនុ។ វិសាលភាពនៃឃុំទាំងមូលមានផ្ទៃដីទំហំ២៦.៣៥២ហិកតា ក្នុងនោះផ្ទៃដីកសិកម្ម៤.៥០០ហិកតានិងដីលំនៅស្ថាន២.០៥២ហិកតា។ រហូតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋក្នុងឃុំមានចំនួន១.៩៥៨គ្រួសារ ស្មើនឹង៧.៣៦៦នាក់ ។ប្រជាជននៃឃុំនេះមាន៩៨%ប្រកបមុខរបរកសិកម្ម។

តេជោអភិវឌ្ឍន៍មានអ្វីខ្លះ?

លោកមេឃុំបានរៀបរាប់ឱ្យដឹងពីសមិទ្ធផលដែលបានកើតឡើង សម្រាប់មូលដ្ឋានទើបនឹងមានអាយុកាលជាងប្រាំមួយឆ្នាំនេះថា ដោយមួយផ្នែកនៃភូមសាស្ត្រ ឃុំតេជោអភិវឌ្ឍន៍គ្របដណ្តប់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧កោះស្លាផងនោះ សមិទ្ធិបានកើតឡើងជាបន្តបន្ទាប់និងឆាប់រហ័ស។ ក្នុងនោះរួមមាន ផ្លូវកៅស៊ូប្រវែង១៨គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤ អគារសាលាឃុំមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលមួយ ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថមួយ ផ្សារមួយកន្លែងមានតូបលក់ទំនិញគ្រប់មុខចំនួន២២៧ វិទ្យាល័យ និងសាលាបឋមសិក្សាប្រាំកន្លែង វត្តចំនួនបួន មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពពីរកន្លែង ស្រះទឹកធំៗប្រាំមួយកន្លែង អណ្តូងស្នប់៦៨ និងអណ្តូងលូចំនួន២៦៦។

លោក សាន គ្រីយ៉ា បានបញ្ជាក់ទៀតថា មកដល់ពេលនេះភូមិចំនួនបីមាន អគ្គិសនីរដ្ឋប្រើប្រាស់ ក្នុងនោះនៅភូមិតេជោអភិវឌ្ឍន៍ភ្លើងអគ្គីសនីមានគ្រប់អគាររដ្ឋនិងលំនៅស្ថានប្រជាជន។ រីឯភូមិតេជោអន្លង់ក្មេងលេង និងភូមិតេជោក្បាលដំរីមានដោយផ្នែកៗ។ ចំណែកទឹកស្អាតវិញ អាជ្ញាធរបានចាប់ដៃគូជាមួយក្រុមហ៊ុនឯកជន ដែលពេលនេះកំពុងសាងសង់មណ្ឌលផលិតសម្រេចបានប្រមាណ៥០% តាមរយៈការទាញយកទឹកដែលមានទីតាំងក្នុងភូមិសាស្ត្រស្រាប់។ ជាជំហានដំបូង ទឹកស្អាតនឹងផ្គត់ផ្គង់លើភូមិតេជោអភិវឌ្ឍន៍ ភូមិតេជោអន្លង់ក្មេងលេងនិងភូមិតេជោក្បាលដំរី។

លោកមេឃុំបានប្រាប់ទៀតថា៖ ជាមោទនភាពសម្រាប់ឃុំតេជោអភិវឌ្ឍន៍ដែលមាន ក្រុមហ៊ុនឯកជនបីបានកើតឡើងក្នុងមូលដ្ឋានដោយផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងការរកប្រាក់ចំណូលសម្រាប់គ្រួសារនោះគឺក្រុមហ៊ុនកសិកម្មដាំដូងប្រេងវីជីភី, ក្រុមហ៊ុនដាំស្វាយចន្ទីចាន់សុធា និងមណ្ឌលកម្សាន្តទឹកធ្លាក់បីជាន់។ ទោះជាបែបនេះក្តី លោកប្រធានក្រុមប្រឹក្សាឃុំតេជោអភិវឌ្ឍន៍បានផ្ញើជូនចំពោះ រាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធនានានូវសំណូមពរមួយចំនួនរួមមាន ជួយសាងសង់រោងចក្រ ដើម្បីផ្តល់ការងារជូនពលរដ្ឋក្នុងមូលដ្ឋានដែលជាផ្នែកសំខាន់ឈានទៅកាត់បន្ថយការធ្វើចំណាកស្រុក។ បង្កើនការផ្តល់សេវាអគ្គិសនីដល់ភូមិទាំងប្រាំមួយដើម្បីបានប្រើប្រាស់គ្រប់ៗគ្រួសារ។ ជួយសង់ស្ពានឆ្លងកាត់ស្ទឹងពីរកន្លែងស្ថិតនៅក្នុងភូមិតេជោក្បាលដំរី និងភូមិតេជោពង្រក ដោយមួយខ្សែៗមានប្រវែង២៣ម៉ែត្រ។ សូមជួយសង់សាលាបឋមសិក្សាមួយកន្លែងស្ថិតក្នុងភូមិពង្រកដោយភូមិនេះមានចម្ងាយរហូតដល់២៣គីឡូម៉ែត្រពីទីកន្លែងដេលមានសាលារៀនសព្វថ្ងៃ។

លោក ម៉ៅ ម៉ារ៉ាឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតេជោអភិវឌ្ឍន៍បានប្រាប់ថាក្រោមដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋឃុំតេជោអភិវឌ្ឍន៍មានជីវភាពធូរធារនិងរីកចម្រើនជាលំដាប់ ។ សព្វថ្ងៃក្នុងចំណោមប្រជាពលរដ្ឋ ១.៩៥៨គ្រួសារនៃមូលដ្ឋាននេះគឺមានរថយន្តតូចធំចំនួន១០៧គ្រឿង ម៉ូតូ១.១៤៨គ្រឿង គោយន្ត ៤៨គ្រឿង ត្រាក់ទ័រ៣៥គ្រឿង និង អេស្កាវ៉ាទ័រមួយគ្រឿង។

ពាក់ព័ន្ធបញ្ហាសន្តិសុខមូលដ្ឋាន លោកនាយប៉ុស្តិ៍បានបញ្ជាក់ថាទោះបីមិនបានដល់កម្រិតឥតខ្ចោះក្តី តែការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឃុំតេជោអភិវឌ្ឍន៍មានលក្ខណៈល្អ តាមរយៈកិច្ចសហការរវាងកម្លាំងនគរបាលមូលដ្ឋានជាមួយប្រជាការពារ កងរាជអាវុធហត្ថ និងកងពលតូចលេខ១១។ ព្រោះតែសភាពការណ៍ និងលក្ខណៈភូមិសាស្ត្រអំណោយផលល្អ ពេលនេះក្នុងឃុំឈានទៅមានហាងខារ៉ាអូខេសម្រាប់បម្រើដល់ការកម្សាន្ត ផ្ទះសំណាក់ និងសាលាឯកជនផ្នែកភាសាបរទេសថែមទៀតផង។

លោក ខៀវ ឫទ្ធិភ័ណ្ឌ អភិបាលស្រុកឈូកបានមានប្រសាសន៍ថាក្រោយពីបានបង្កើតឡើង ការដឹកនាំឃុំតេជោអភិវឌ្ឍន៍មានការប្រែប្រួលទាំងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋបានធូរធារស្ទើរគ្រប់គ្រួសារ។ ជាមួយនឹងការជំរុញខ្លាំងក្លាផ្នែកវិស័យកសិកម្ម បច្ចុប្បន្នតំបន់តេជោអភិវឌ្ឍន៍មានទេសភាពពណ៌បៃតងទាំងប្រាំងវស្សា។ ប្រជាពលរដ្ឋចេះប្រើប្រាស់នូវអ្វីដែលជាសក្តានុពលក្នុងមូលដ្ឋានរបស់ខ្លួន ពោលគឺខុសពីមុនដែលមានភាពសោះកក្រោះបង្កឲ្យមានការធ្វើចំណាកស្រុកជាហូរហែ។ លោកអភិបាលស្រុកក៏បានបញ្ជាក់អំពីអ្វីដែលអាជ្ញាធរត្រូវខិតខំបន្តទៀត ដូចជាបញ្ហា្កដំណោះស្រាយទំនាស់ដីធ្លី ការកែលម្អ ជួសជុល និងស្ថាបនាផ្លូវជន បទដាច់ស្រាយាលដែលមិនទាន់បានល្អប្រសើរនៅឡើយនោះ។

លោក ស៊ុន ពេជ្រ អាយុ ៥៨ឆ្នាំ រស់នៅភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍បានរៀបរាប់ថាលោកបានមករស់នៅទីនេះតាំងពីឆ្នាំ២០០៨ តាមរយៈការចែកដីកសិកម្ម និងលំនៅស្ថានក្រោមគោលនយោបាយយោធិនពិការ។ កាលនោះស្ថានភាពស្ងាត់ជ្រងំ ហើយបើចង់ទិញម្ហូបអាហារ ឬសម្ភារៈផ្សេងៗត្រូវធ្វើដំណើរទៅផ្សារត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។ ប៉ុន្តែបន្ទាប់ពីបង្កើតរដ្ឋបាលឃុំតេជោអភិវឌ្ឍន៍ទើបចាប់ផ្តើមមានការរីកចម្រើនគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្សារបានកើតមានក្នុងមូលដ្ឋានតែម្តង។

អតីតមន្ត្រីយោធារូបនេះបានបន្តថា ជាមួយនឹងវត្តមានផ្សារក្បែរលំនៅស្ថាននោះ ក្រៅពីការងារដាំដុះដំណាំផ្សេងៗ និងមានដើមទុនមួយចំនួន ក្រុមគ្រួសារលោកក៏ចាប់ផ្តើមលក់ទំនិញរហូតបច្ចុប្បន្នទទួលបាននូវជីវភាពធូរធារដូចគេឯងដែរ។ លោកស៊ុន ពេជ្របញ្ជាក់ថារាល់ថ្ងៃក្នុងបន្ទុកគ្រួសារមានគ្នាប្រាំនាក់ លោកមាន រថយន្តស្អាតល្មមមួយគ្រឿងគ្រាន់នឹងដឹកអីវ៉ាន់ និងម៉ូតូពីរគ្រឿងសម្រាប់កូនចៅធ្វើ ដំណើរ។ ថ្មីៗនេះ លោកទើបនឹងជួសជុល និងធ្វើផ្ទះអស់ជាងមួយម៉ឺនដុល្លារបន្ថែមលើរបបដែលទទួលបាន។ ពីមុនបើត្រូវការទៅណាមកណាលុយមានច្រើនបំផុតត្រឹមពីរម៉ឺនរៀលប៉ុណ្ណោះ តែបច្ចុប្បន្នពេលឡើងផ្សារធំៗដើម្បីទិញអីវ៉ាន់មកលក់បន្តយ៉ាងហោចក៏មាន២០លានទៅ៣០លានរៀលដាក់តាមខ្លួនដែរ។ មោទនភាពទាំងនេះ លោក និងក្រុមគ្រួសារមិនបំភ្លេចគុណ ពិសេសនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដោយឥតប្រែប្រួលឡើយ។

មានគណបក្សប្រជាជនកម្ពុជាដឹកនាំនឹងមានការរីកចម្រើនរហូត

ប្រជាពលរដ្ឋដែលទទួលបាននូវសុខសុវត្ថិភាព សន្តិភាពនិងការរីកចម្រើនពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគណបក្សប្រជាជនកម្ពុជាជាស្នូលដ៏រឹងមាំ ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលមានតែងទទួលបាននូវការគាំទ្រកើនឡើងជាលំដាប់បានបង្ហាញនូវជំនឿជាក់ថា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោជាប្រមុខព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ដែលតែងគិតគូ និងចុះជួយគ្រប់បែបយ៉ាងជាប្រចាំ ឃុំតេជោអភិវឌ្ឍន៍ នឹងទទួលបាននូវវឌ្ឍនភាពឈានឡើងថែមទៀត៕

2017-11-20_07-22-55

2017-11-20_11-32-55

2017-11-20_11-33-29

2017-11-20_11-34-30

2017-11-20_11-34-35

2017-11-20_11-34-52

2017-11-20_11-35-31

2017-11-20_11-35-35

Facebook Comments
Loading...