សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌជួយ ដោះស្រាយថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សា របស់រដ្ឋដែលពុំមានលទ្ធភាពក្នុងការបង់

0
386

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើកទី៣៨ អណត្តិទី៣ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា លោកអឿន សំអុល សមាជិកក្រុមប្រឹក្សាខណ្ឌបានស្នើដល់រដ្ឋបាលខណ្ឌសូមជួយ សម្របសម្រួល ជាមួយក្រុមហ៊ុន និងអង្គភាព ប្រមូលនិងគ្រប់គ្រងតម្លៃ សំរាម ឲ្យជួយដោះស្រាយ ថ្លៃប្រមូលសំរាមតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ នៅក្នុងខណ្ឌព្រែកព្នៅដែលជាខណ្ឌជាយក្រុង ដោយសារសាលាទាំងនោះ មានសិស្សតិច តែមានទីធ្លាធំៗ ដែលតម្រូវឲ្យសាលាបង់ថ្លៃសម្រាមខ្ពស់ ធ្វើឲ្យសាលាពុំមានលទ្ធភាពក្នុងការបង់។ចំណែកសាលានៅក្នុងក្រុង មានទីធ្លាតូចតែ មានសិស្សច្រើន មានសំណល់សម្រាមច្រើន បែរជាបង់ថ្លៃប្រមូលសម្រាមតិចទៅវិញ។

លោក បានលើកឡើងទៀតថា មានសាលាខ្លះដូចជាសាលាបឋមសិក្សាបឹងប្រីយ៍ជាដើម នៅជំពាក់ប្រាក់ថ្លៃប្រមូលសម្រាមតាំងពីឆ្នាំ២០១៩មកម្លេះ មកទល់ពេលនេះពុំទាន់មានថវិកាសម្រាប់បង់ថ្លៃប្រមូលសម្រាមនៅឡើយ មិនដឹងថាតើត្រូវ ដោះស្រាយតាមវិធីណានោះទេ។

ឆ្លើយតបទៅនឹងបញ្ហាខាងលើ លោក ភោគ សុឃឿន អនុប្រធានការិយាល័យ សាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈបានឲ្យដឹងថា សម្រាប់ការបង់ថ្លៃប្រមូលសម្រាម តាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ គឺតម្រូវ ឲ្យសាលាធ្វើរបាយការទៅថ្នាក់លើដើម្បី រដ្ឋចេញថ្លៃប្រមូលសម្រាមជូន។

ទោះជាយ៉ាងនេះក្ដី លោក ហេម ភក្ដី អនុប្រធានការិយាល័យអប់រំយុវជននិងកីឡាខណ្ឌព្រែកព្នៅ បានជំរាបជូនថា សាលា ក៏ដូចជាការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ បានទៅជួបពិភាក្សាជាមួយមន្ដ្រីជំនាញរបស់មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញរួចហើយ ដោយខាងមន្ទីរបានបញ្ជាក់ថា មន្ទីរពុំមានខ្ទង់ចំណាយសម្រាប់បង់ថ្លៃ ជូនដល់សាលានោះឡើយ ដូចនេះបន្ទុកបង់ថ្លៃសម្រាម នៅតែធ្លាក់មកលើ សាលាជាអ្នកដោះស្រាយដដែល។ បញ្ហាប្រឈមនេះ សូមឲ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួលទៅថ្នាក់លើ ដើម្បីជួយដោះស្រាយថ្លៃ សេវាសម្រាមដល់សាលាផង ព្រោះថា សាលាកាន់តែធំ ត្រូវបង់ថ្លៃសេវាប្រមូលសម្រាមកាន់តែច្រើន។

ចំណែកលោក ហួតលាភពិសិដ្ឋ អភិបាលស្ដីទី នៃខណ្ឌព្រែកព្នៅមានប្រសាសន៍ថា បច្ចុប្បន្ននេះក្នុងរាជធានីភ្នំពេញ មានក្រុមហ៊ុន៣ ជាអ្នកប្រមូលសម្រាមសម្រាប់ខណ្ឌព្រែកព្នៅគឺក្រុមហ៊ុន ស៊ុបពើ៨០០ ជាអ្នកប្រមូល ឯសាលារាជធានីភ្នំពេញជាអ្នកគ្រប់គ្រង ចំណែករដ្ឋបាលខណ្ឌពុំមានសមត្ថកិច្ច នោះឡើយ គឺគ្រាន់ជាអ្នក សម្របសម្រួលប៉ុណ្ណោះ។ តែទោះជាយ៉ាងណា រដ្ឋបាលខណ្ឌនឹងខិតខំប្រឹងប្រែងសម្របសម្រួលកិច្ចការនេះដោយស្នើសុំ និង អញ្ជើញភាគីពាក់ព័ន្ធទាំងអស់មកជួបជជែកគ្នា រួមគ្នារកដំណោះស្រាយដើម្បី លើកកម្ពស់   បរិស្ថាន ក្នុងមូលដ្ឋានឲ្យបានកាន់តែប្រសើរថែមទៀត។

ដោយឡែកលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ មានប្រសាសន៍ថាមនុស្សគ្រប់រូបអ្នកណាក៏បង្កើតសំរាមដែរ មានមនុស្សគឺមានសម្រាម មនុស្សតិចសម្រាមតិច ក្នុងមនុស្សម្នាក់ មានកាកសំណល់សម្រាម ជាមធ្យម កន្លះ គីឡូក្នុង១ថ្ងៃ ពិភពលោកមានការព្រួយបារម្ភ ជាខ្លាំង ពីបញ្ហាសំរាមនេះ បើយើងធ្វេស ប្រហែសយើងនឹងវិនាសទាំងអស់គ្នា។ដូចនេះយើងត្រូវរួមគ្នាដោះស្រាយបញ្ហាសម្រាម និងត្រូវនាំគ្នាបំបាត់សំរាម ដើម្បីលើកកម្ពស់ សោភណ័ភាព បរិស្ថាន អនាម័យក្នុងមូលដ្ឋាន សម្រាប់ការរស់នៅដ៍ល្អប្រសើរ៕

Facebook Comments
Loading...