ល្បិចខ្ពស់ណាស់ ធ្វើជាចិត្តល្អចូលទៅសួរសុខទុក ឃើញមិត្តភក្ត្រ័ភ្លេចខ្លួនចូលបន្ទប់ទឹក ចេញមកក្រៅចាក់សោផ្ទះបង្ខាំង ជនរងគ្រោះរួចយកសោឡាន និងកាតគ្រីទៅលក់បាត់

0
1823

ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ដែលធ្វើ ជាចិត្តល្អ ទៅសួរសុខទុកឃើញមិត្តភក្ត្រ័ ភ្លេចខ្លួនរវល់ចូលបន្ទប់ទឹក ធ្វើសកម្មភាពលួចយកសារ រថយន្តនិងកាតគ្រី ចេញមកក្រៅចាក់សោផ្ទះបង្ខាំង មិនឲ្យជនរងគ្រោះចេញយកសោឡាន និងកាតគ្រី ទៅលក់បាត់ ពេលសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនអ្នកទទួលទិញរថយន្ត ចំនួនបីនាក់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបុរីពិភពថ្មីចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយ សមត្ថកិច្ច ធ្វើការដកហូតរថយន្តតូយ៉ូតាព្រុស ពណ៌ប្រផេះ ពារបស់ជនរងគ្រោះមកវិញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា ដំបូងឡើយ នៅម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះជាម្ចាស់រថយន្ដខាងលើ និងជនសង្ស័យត្រូវជាមិត្តភ័ក្ដនឹងគ្នា។ លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានជិះម៉ូតូកង់បីទៅលេងផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិគោកព្រេច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។នៅពេលជួបជនរងគ្រោះ ជនសង្ស័យបាននិយាយប្រាប់ថា «ទៅយកឯកសារឱ្យម្តាយនៅម្ដុំឈូកវ៉ា២» ភ្លាមៗនោះជនរងគ្រោះរវល់តែចូលបន្ទប់ទឹក ដោយទុកសោរថយន្ដ និងកាបូបលុយដែលមានកាតគ្រីរថយន្តនៅលើតុ ស្រាប់តែជនសង្ស័យឆ្លៀតឱកាសលួចយកកូនសោ និងកាតគ្រី ហើយចាក់សោរផ្ទះពីក្រៅ មិនអោយជនរងគ្រោះចេញមកក្រៅរួចនោះទេ និងបានបើករថយន្តរត់គេចខ្លួនបាត់តែម្តង ។បន្ទាប់ពីដឹងថា ជនសង្ស័​យលួចរថយន្តយកទៅបាត់ហើយ ជនរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ចនៃព្រហ្មទណ្ឌ ក្រុង ដើម្បីអោយជួយធ្វើការស្រាវជ្រាវរកជនសង្ស័យផង។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយ ដំណឹងនេះក៏ត្រូវបានផ្សព្វផ្សាយជូនដល់សមត្ថកិច្ចទាំង១៤ខណ្ឌអោយជួយពិនិត្យ និង ស្រាវជ្រាវរករថយន្តដែលត្រូវបានជនសង្ស័យលួចយកទៅ ។ លុះមកដល់ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានប្រទះឃើញរថយន្តដែលកំពុងតែបើកនៅក្នុងបុរីពិភពថ្មីចំការដូង ទើបកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ជាង ហុកសែរ អធិការរងទទួលផែនព្រហ្មទណ្ឌ បានធ្វើការដេញឃាត់រថយន្ដ និងមនុស្ស៣នាក់ដែលជិះក្នុងរថយន្តនោះ ហើយក៏បាននាំមនុស្សទាំង៣នាក់ រួមទាំងរថយន្ត យកទៅធ្វើការសាកសួរនៅផ្នែកជំនាញនៃអធិការនគរបាលខណ្ឌដង្កោតែម្តង។ ប្រភពដដែលបន្តទៀតថា ចំពោះការសាកសួរមនុស្សទាំង៣នាក់បានឆ្លើយថា «រថយន្ដនេះ គឺពួកគេបានទិញពីជនសង្ស័យក្នុងតំលៃចំនួន៩៨០០ដុល្លារ ដោយតែរថយន្តនេះ មានឯកសារគ្រប់គ្រាន់ »។

បន្ទាប់ពីធ្វើការសួរនាំរួច ជនសង្ស័យដែលពាក់ព័ន្ធទាំង៣នាក់ រួមទាំងរថយន្ត ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ប្រគល់អោយទៅខាងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរជាបន្ត និងចាត់ការតាមនីតិវិធីច្បាប់ ចំណែកជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវ បន្តទៀត៕

Facebook Comments
Loading...