ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យជាថ្មីម្តងទៀត បន្ទាប់ពីអាការៈជំងឺចាស់ រើឡើងវិញ

0
2766

ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ គង់ ណៃ មានជន្មាយុ៧៧ឆ្នាំលោកគឺជាអ្នកចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបប្រចាំប្រទេស បន្ទាប់ពីព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន  ត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) ក្នុងពេលជំងឺចាស់របស់លោកមានដូចជា ជំងឺលើសឈា.ម ឡើងជាតិស្ករ និងសួត មិនមានភាពធូរស្បើយ ខណៈពេលជំងឺទាំងអស់នេះ បានយាយីរូបលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

កូនប្រុសរបស់ព្រឹទ្ធាចារ្យ គឺលោក គង់ បុរាណ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ដោយសារជំងឺចាស់ឪពុករបស់លោកហាក់មិនមានភាពធូរស្រាល ទើបក្រុមគ្រួសារសម្រេចយកឪពុកមកធ្វើការសម្រាកព្យាបាលនៅមន្ទីរពេទ្យជាថ្មីម្តងទៀត។លោកបញ្ជាក់ថា ក្រោយសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនាស្រុកកំណើតមួយរយៈខ្លីមក ឪពុករបស់លោកក៏មានភាពធូរស្បើយបន្តិច ប៉ុន្តែរំលងបានប្រមាណ២ទៅ៣ថ្ងៃជំងឺឪពុកលោកហាក់មានសភាពរើឡើងជាថ្មី ពេលនោះគ្រួសារលោកក៏បានរៀបចំពិធីលាងអារ័ក្សដែលជាទំនៀមទំលាប់នៅស្រុករបស់លោក។ ពិធីនេះត្រូវបានគេធ្វើឡើងសម្រាប់អ្នកជំងឺណាដែលមានសភាពខ្លាំង ដើម្បីជូនជីដូនជីតា ព្រោះខ្លាចខុសមាត់ខុស.ក ហើយបន្ទាប់ពីរៀបចំពិធីនេះរួចហើយ គ្រួសារក៏បានបញ្ជូនឪពុករបស់លោកមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ីនេះតែម្តង។

លោក គង់ បុរាណ បន្តទៀតថា ក្រោយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ជំងឺឪពុករបស់លោកគឺនៅសភាពជាធម្មតា ប៉ុន្តែសម្រាប់ការចង់ចាំរបស់ឪពុកលោកវិញ គឺមិនសូវជាបានល្អឡើយ ពោលគឺឪពុកលោកអាចចងចាំខ្លះៗតែប៉ុណ្ណោះសម្រាប់បងប្អូនដែលមកសួរសុខទុក្ខ។លោកបន្ថែមថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ព្រឹទ្ធាចារ្យ គង់ ណៃ យូរឬឆាប់អាស្រ័យទៅលើលោកស្ថានភាពជំងឺ ប្រសិនបើលោកមានភាពធូរស្រាលច្រើននោះ ក្រុមគ្រួសារនឹងយកគាត់ទៅកាន់គេហដ្ឋានវិញ ប៉ុន្តែបើអាការៈជំងឺលរបស់គាត់មិនបានធូរទេនោះ យើងនឹងបន្តអោយគាត់ស្នាក់នៅព្យាបាលបន្តទៀត។ជាការកត់សម្គាល់ លោក គង់ បុរាណ ធ្លាប់បានលើកឡើងថា ជំងឺទាំងអស់ដែលកំពុងញាំញីព្រឹទ្ធាចារ្យ គង់ ណៃ នោះ ក៏ធ្លាប់ធ្វើទុក្ខជាបន្តបន្ទាប់ដែរ ប៉ុន្តែក្រោយព្យាបាល និងដាក់ស៊ីរ៉ូម រូបលោកក៏បានធូរឡើងវិញ ប៉ុន្តែមួយរយៈពេលនេះ ជាតិស្ករលោកឡើងខ្លាំង រហូតធ្វើអោយលោកមានអារម្មណ៍រវើរវាយ។យ៉ាងណា បើតាមលោក គង់ បុរាណ ថា ឪពុករបស់លោកកំពុងទទួលការយកចិត្តទុកព្យាបាលពីក្រុមគ្រួសារ ខណៈពេលរូបលោក និងក្រុមគ្រួសាររំពឹងថា ឪពុកនឹងឆាប់បានធូរស្រាលពីជំងឺឆាប់ៗនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ព្រឹទ្ធាចារ្យ គង់ ណៃ មានជន្មាយុ៧៧ឆ្នាំហើយ។ លោកគឺជាអ្នកចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបប្រចាំប្រទេស បន្ទាប់ពីព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ខណៈពេលលោក គង់ ណៃ ក៏បានបណ្តុះបណ្តាលចាប៉ីដងវែងនេះ ដល់កូនប្រុសរបស់លោកម្នាក់ផងដែរ គឺលោក គង់ បុរាណ នេះតែម្តង៕សហការី

Facebook Comments
Loading...