អ្នកទៅកម្សាន្តលេងនៅអាងអម្រឹតអូរខៃដន ភ័យលួសព្រលឹង ក្រោយមានភ្លៀងខ្យល់កន្ត្រាក់វាយប្រហារ បោកបក់ យ៉ាងខ្លាំង

0
2311

បន្ទាយមានជ័យ រោងកញ្ចុះ បណ្តែតលើទឹកលើទឹកនៃអាងអម្រឹតអូរខៃដន ក្រុងប៉ោយប៉ែតបានរងការខូចខាត ធ្ងន់ធ្ងរ បន្ទាប់ពីមាន ភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់វាយប្រហារ យ៉ាង ខ្លាំង កាលពីរម៉ោងជិត៣សៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២ ធ្វើឲ្យអ្នកដែលទៅលេងកម្សាន្តនិងពិសាអាហារនៅតាមកញ្ចុះលើទឹកនៃអាងអម្រឹតអូរខៃដន ម្នាក់ភ័យ ប្រលឹងចុងសក់ បន់ឲ្យព្រះជួយ តែយ៉ាងណាក៏ដោយ មិនបង្កឲ្យមានមនុស្សណា រងគ្រោះថ្នាក់ឡើយ។

យោងតាមសម្តីរបស់ភ្ញៀវដែលជួបហេតុការណ៍បានអោយដឹងថាពេលដែលមានភ្លៀងនិងខ្យល់ខ្លាំងស្រាប់តែធ្វើអោយកញ្ចុះដែលបណ្តែតលើផ្ទៃទឹកអាងអូរខៃដនត្រូវខ្យល់បក់បោកបើងដំបូលបាក់រោងនិងយោលយោគកញ្ចុះដូចជាជិះទូកលើទឹកត្រូវរលកបក់បោក ខ្លះដាច់ខ្សែ ត្រូវខ្យល់បក់បោកទៅកណ្តាល។ ការដែលភ្លៀងខ្យល់បក់បោកធ្វើអោយដាច់ស្ពានដែលតភ្ជាប់រោងលក់ដូរជាប់ខ្នងអាងទៅកញ្ចុះបណ្តាលអោយបាក់ដាច់ដែលមិនអាចអោយអ្នកនៅលើញ្ចុះដែលត្រូវភ្លៀងខ្យល់បក់បោកនោះរត់ឆ្លងមកលើគោកបាន ជាហេតុធ្វើអោយពួកគាត់ភិតភ័យជាខ្លាំងរហូតទាល់តែខ្យល់បានស្ងប់ទៅវិញ។ពួកគាត់បានស្រែករំពងអើងកងបន់ព្រះសំពះទេវតា ដើម្បីឱ្យរួចរស់ជីវិត នេះជាលើកទីមួយដែលជួបហេតុការណ៍អាក្រក់នេះ។

បើតាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងថានេះជាហេតុការណ៍គ្រោះថ្នាក់បំផុតដែលពុំធ្លាប់មានសោះកាលពីពេលកន្លងមកនៅចំនុចអាងអម្រឹតអូរខៃដននេះ។ហើយវាពិតជាសំណាងណាស់ដែលគ្មានអ្នកទៅកម្សាន្តណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍អាក្រក់នេះទេ តែវាគ្រាន់តែបង្កការភិតភ័យនិងបំផ្លាញដល់រោងកញ្ចុះដែលបណ្តែតលើទឹកឱ្យរងការខូចខាតប៉ុណ្ណោះ។

លោកអធិការក្រុងប៉ោយប៉ែត បានទទួចសុំឱ្យអ្នកដែលបានទៅលេងកម្សាន្តទាំងអស់បង្កើនការប្រុងប្រយត្ន័ខ្ពស់ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនពិសេសកូនតូចៗដែលនាំយកទៅជាមួយមិនត្រូវឱ្យដើរលេងតែឯងចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

សូមរំលឹកថា កាលពីថ្ងៃទី១០ ខែឧសភា  ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ កម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី។ រដូវវស្សាជារួមទូទាំងប្រទេស សម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះកន្លែងខ្លះ ក៏អាចមាន់ភ្លៀងខ្លាំង ផងដែរ៕

Facebook Comments
Loading...