សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវការអន្តរាគមន៍ ទៅលើករណីអយុត្តិធម៌កើតឡើងលើនិស្សិតស្រីម្នាក់​ ជាមួយឧកញ៉ាម្នាក់

0
346

ភ្នំពេញ ៖ នៅក្នុងពិធីជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០​២០​-២០២១ សរុប ១,៧៥៣នាក់ នាព្រឹកថ្ងៃទី ៣ ខែឧសភានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវការអន្តរាគមន៍ ទៅលើករណីនិស្សិតស្រីម្នាក់​ ជាមួយឧកញ៉ាម្នាក់ ក្រោយមានការរិះគន់ពីបុគ្គលខ្លះ ដែលមិនបានដឹងរឿងនោះ​។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះការលើកឡើងរបស់បុគ្គលខ្លះ ដែលបានរិះគន់ចំពោះការអន្តរាគមន៍របស់សម្ដេច ពាក់ព័ន្ធនឹងករណីនិស្សិតស្រីម្នាក់ជាមួយឧកញ៉ាម្នាក់ ដែលរហូតមានការប្ដឹងផ្ដល់គ្នានៅតុលាការ កាលពីអំឡុងខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានការភ្ញាក់ផ្អើលដោយឧកញ៉ាម្នាក់ បានប្ដឹងនារីម្នាក់ថា លួច​ទូរស័ព្ទ និង​ចាក់​ឧកញ៉ា​ បណ្តាល​ឲ្យ​រងរបួស។ ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក រហូតមានការអន្តរាគមន៍ពីមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីស្វែងរកយុត្តិធម៌ជូននារីរូបនោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា មិនមែនតែករណីខាងលើនេះ ពោលគឺសម្ដេចធ្លាប់បានអន្ត​រាគមន៍ទៅលើករណីមួយចំនួនទៀត​ ដែលអ្នករិះគន់ទាំងនោះមិនបានដឹង ហើយប្រសិនបើពួកគេដឹងរឿងពិតហើយ ថាតើពួកគេនូវតែទទួលថា រឿងនេះនាយករដ្ឋមន្ត្រី មិនគួរលូកដៃទៀតឬ?។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ប្រសិនបើករណីខាងលើនេះ គ្រាន់តែជាករណីរវាងមនុស្សប្រុស និងមនុស្សស្រីនោះ គឺសម្ដេចមិនចាំបាច់អន្តរាគមន៍នោះទេ។ ប៉ុន្តែការអន្តរាគមន៍នេះ ដោយសារតែមានបញ្ហាអយុត្តិធម៌កើតឡើង ដោយនិស្សិតស្រីម្នាក់នោះ កំពុងជាប់ឃុំនៅមន្ទីរឃុំឃាំង ដែលមានអន្តរាគមន៍របស់ឧកញ៉ា ៤ ទៅ ៥នាក់ឯណោះ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តើឲ្យខ្ញុំនៅស្ងៀមទេរឿងនេះ ខ្ញុំមិនមែនតិរច្ឆានទេ បើអ្នកជាតិរច្ឆាន សុំអ្នកធ្វើតិរច្ឆានខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋរបស់ខ្លួន ដែលត្រូវគេបំពាន»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកបន្តថា ដំណើររឿងខាងលើនេះ គឺសម្ដេចមិនបានដឹងនោះទេ តែមានការផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើលដោយទាមទារ ឲ្យជួយរកយុត្តិធម៌ជូននិស្សិតស្រីរូបនោះ។​ បន្ទាប់ពីមកសម្ដេច បានឲ្យមេធាវីរបស់រាជរដ្ឋាភិបាល ធ្វើការស្រាវជ្រាវ ថាតើនិស្សិតស្រីរូបនោះកំពុងស្ថិតនៅឯណា ជាលទ្ធផលគឺនិស្សិតស្រីរូបនោះ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង ដោយការប្ដឹងរបស់ឧកញ៉ា ដែលថា និស្សិតស្រីរូបនោះចាក់ទៅលើខ្លួន។សម្ដេចតេជោ ហ៊ុន សែន បានរំលឹកបន្តថា កូនប្រសាររបស់ឧកញ៉ារូបនោះ បានទិញទឹកចិត្តមេធាវីរបស់រាជរដ្ឋាភិបាល​ថែមទៀត។ សម្ដេចតេជោ បានបន្ថែមថា​ «បន្ទាប់ទៅកូនប្រសាររបស់ឧកញ៉ាហ្នឹង ទៅទិញរហូតដល់មេធាវីរបស់ខ្ញុំទៅទៀត មេធាវីរបស់ខ្ញុំរាយការណ៍ហើយ ប្រធានក្រុមមេធាវីរបស់ខ្ញុំ ដោយលើកឡើងថា នាយករដ្ឋមន្ត្រីនៅខាងឧកញ៉ាហើយ សារសំឡេងឆ្លើយឆ្លងទាំងប៉ុន្មាន គេបាញ់ហ្វវើតចូលគ្នាទៅវិញទៅមក ទីចុងបំផុតបានយើងបញ្ជាក់បានថា ខ្ញុំត្រូវឲ្យមេធាវីរបស់ខ្ញុំ ក្រុមមេធាវីសម្ដេចតេជោ ទៅធ្វើការធានាឲ្យនិស្សិតជានារីនោះ មកនៅក្រៅឃុំ បន្ទាប់ទៅដោយមានការរៀបចំបិទមាត់អ្នកសារព័ត៌មានទាំងអស់ ខ្ញុំបានបញ្ជាឲ្យដកខ្លួនរបស់កូនប្រសារឧកញ៉ានោះ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅក្នុងទូរស័ព្ទដៃរបស់កូនប្រសារឧញ៉ារូបនោះ ពោរពេញទៅដោយរូបភាពកាត់តអាសអាភាស ដោយយកនិសិ្សតស្រីរូបនោះ កាត់តជាមួយឧកញ៉ានៅលើគ្រែជាមួយគ្នា។ សម្ដេចតេជោ បានលើកឡើងថា «បើខ្ញុំមិនអន្តរាគមន៍ ពេលនេះ ម៉ោងនេះ ចៅស្រីនោះ កំពុងស្ថិតនៅក្នុងគុកនៅឡើយទេ សូមកុំច្រឡំ ឧកញ៉ា ៥រូប បានចូលរួមព្រឹត្តិការណ៍នោះ»៕

Facebook Comments
Loading...