លោកក សុខ ទូច សសេរសារចាក់ដោតដោយលើកឡើងថា«អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមានធ្វើបាន នៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រី នៅក្នុងទន្លេខ្ញុំទៀត»

0
442

ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងតាម បណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៧ មីនា ជុំវិញជនជាតិវៀតណាម ដែលមករស់នៅ ក្នុងទឹកដីកម្ពុជា ធ្វើជាអ្នកមានហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រី នៅក្នុងទន្លេខ្ញុំទៀត»។

ការលើកឡើងរបស់លោកសុខ ទូច ទោះបីមិនបាននិយាយចំថា ជាអ្នកណាក៏ដោយ ក៏គេអាចដឹងបានថា ជាជនជាតិវៀតណាមដែរ ព្រោះយោងតាមការបង្ហោះ របស់លោកបានបង្ហាញពីការ ចុះទៅទប់ស្កាត់ ការនេសាទត្រីដោយខុសច្បាប់នៅបឹងទន្លេសាប។ លោក  សុខ ទូច បញ្ជាក់នៅក្នុងសំណេរនោះ ថា« អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមានធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។ អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ (យ៉ាំងកាវ), ឆក់ក្តៅ, ឈិបយន្ត, ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែជាយកទៅធ្វើជី, តើឱ្យខ្ញុំអត់ទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្តេចទៅ?»។

សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាតុមូលមួយ នារាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ នេះ ។ លោកបណ្ឌិត សុខ ទូច បានអះអាងថា ក្នុងរយៈពេលមួយយប់ អំពើឆក់ត្រីដោយខុសច្បាប់មួយនេះ បានឲ្យរដ្ឋខាតបង់ថវិកាប្រមាណ១ម៉ឺនដុល្លារ។ លោកថា លោកនឹងយកជីវិតធ្វើដើមទុនដើម្បីបំពេញការងារនេះ ខណៈលោកដឹងច្បាស់ថា សកម្មភាពឆក់ត្រីនេះ គេចាប់ផ្ដើមពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក ។ លោក សុខ ទូច ក៏បានផ្ញើសារទៅមន្ដ្រីជលផល និងអភិបាលខេត្តពាក់ព័ន្ធ ត្រូវទប់ស្កាត់សកម្មភាពនេះជាបន្ទាន់ ដើម្បីកុំឲ្យធ្ងន់ធ្ងរជាងនេះ។

គួរជម្រាបថា បឹងទន្លេសាប គឺជាជម្រកមច្ឆាជាតិចម្រុះ ដែលកំពុងរួមរស់នៅទីនោះ ហើយមច្ឆាជាតិទាំងអស់នោះ បម្រើឲ្យផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលទាមទារឲ្យមានការថែរក្សា ការពារយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ពិសេសអំពើឆក់ដោយខុសច្បាប់នេះ មិនត្រូវឲ្យកើតមានទៀតនោះឡើយ៕

Facebook Comments
Loading...