សម្ដេចក្រឡាហោម ស ខេង ! ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ គឺជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ

0
2294

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ គឺជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីទៀត អំពីដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា ដែលជាផ្នែកមួយ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងក៏ជាផ្នែកមួយ នៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ម្យ៉ាងទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ក៏ជាការជំរុញ និងលើកកម្ពស់ការបង្ខិតរដ្ឋបាល ឲ្យនៅជាប់ប្រជាពលរដ្ឋ ដើម្បីយកចិត្តទុកដាក់ផ្ដល់សេវា ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ឈានទៅកាត់បន្ថយភាពក្រីក្រ ដែលជាការប្ដេជ្ញាចិត្ត និងជាឆន្ទៈនយោបាយដ៏មុះមុត របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពជា។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។ ការបោះឆ្នោតនេះ គេជឿថា នឹងមានគណបក្សនយោបាយច្រើន ចូលរួមប្រកួតប្រជែង៕

Facebook Comments
Loading...