អង្គការ NATO ដាក់ពង្រាយកងកម្លាំងឆ្លើយតបរហ័សជាលើកដំបូង នៅលើដែនគោក លើដែនទឹក និងលើដែនអាកាស

0
2879

ព្រុចសែល ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២បានឲ្យដឹងថា  ប្រមុខអង្គការ NATO លោក យេន ស្តូលថិនបឺហ្គ (Jens Stoltenberg) នៅថ្ងៃសុក្រនេះ បានព្រមានថា ទង្វើរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន កំពុងបង្កើតប្រក្រតីភាពថ្មីមួយ ដែលបង្កការគំរាមកំហែងសន្តិសុខ ដល់អឺរ៉ុបទាំងមូល មិនមែនតែចំពោះអ៊ុយក្រែននោះឡើយ។ ហេតុដូច្នេះ បក្សសម្ព័ន្ធ NATO បានសម្រេចដំណើរការផែនការការពារខ្លួន ដោយកងកម្លាំង NRF របស់ NATO នឹងត្រូវដាក់ពង្រាយនៅលើដែនគោក លើដែនទឹក និងលើដែនអាកាស ដើម្បីបន្តពង្រឹងគោលជំហរ យោធារបស់ខ្លួន និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័ស ចំពោះស្ថានការណ៍ប្រែប្រួលណាមួយផ្សេងទៀត។

ចំណាត់ការខាងលើ ជាការបោះជំហានថ្មីចុងក្រោយបំផុតរបស់ NATO ក្រោមគោលដៅបង្កើនការការពាររបស់ខ្លួន បន្ទាប់ពីបក្សសម្ព័ន្ធនេះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅកាន់បណ្តាប្រទេសជាសមាជិក ដែលស្ថិតនៅតំបន់អឺរ៉ុបខាងកើត ដោយសារតែភាពតានតឹងរវាងអ៊ុយក្រែននិងរុស្ស៉ី។

លោកអគ្គលេខាធិការអង្គការ NATO បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះគឺដើម្បីរក្សាសន្តិភាព ដើម្បីទប់ស្កាត់ការវាយប្រហារ និងដើម្បីរារាំង កុំឱ្យសង្រ្គាមដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែន រាលដាលទៅដល់ប្រទេសឯទៀតដែលជាសមាជិក NATO។ លោក Stoltenberg មិនបាន រៀបរាប់លម្អិតនោះឡើយថា កងកម្លាំង NATO នឹងត្រូវដាក់ពង្រាយទៅកាន់កន្លែងណា ដោយត្រឹមបង្ហើបថា វាអាស្រ័យទៅលើអគ្គមេបញ្ជា ការយោធារបស់ NATO៕

Facebook Comments
Loading...