ម៉ាស៊ីនសង្កត់ពុម្ពប្រាក់កាសសម័យព្រះបាទ អង្គឌួង ត្រូវបានប្រជាពលរដ្ឋក្នុងសម័យនោះ ចាត់ទុកថា មាននាគចូលសណ្ឋិត

0
6161

ភ្នំពេញ ៖ ម៉ាស៊ីនសង្កត់ពុម្ពប្រាក់កាសសម័យព្រះបាទអង្គឌួង មានទម្ងន់ប្រហែល២តោន ត្រូវបានថតទុកនៅឆ្នាំ១៩៦០ ដោយលោក Ch. Mayer និងជាម៉ាស៊ីនសង្កត់ពុម្ព ដែលមានអាយុកាលចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានរកឃើញក្នុងភូមិតូចមួយ ក្បែរអតីតរាជធានីឧដុង្គ ខេត្តកំពង់ស្ពឺ ដោយព្រះបាទអង្គឌួង បានឲ្យបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨។ ដែលប្រជាពលរដ្ឋ ក្នុងសម័យនោះ ចាត់ទុកថា មាននាគចូលសណ្ឋិត វិញ្ញាណពោរពេញទៅដោយអំណាចវេទមន្តអស្ចារ្យ។

បើយោងតាមឯកសារស្រាវជ្រាវដោយសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានឲ្យដឹងថា ព្រះបាទអង្គដួង បានទិញម៉ាស៊ីនសង្កត់ពុម្ពនេះ ជាមួយម៉ាស៊ីន២គ្រឿងផ្សេងទៀត ដែលប្រហែលជាម៉ាស៊ីនគេប្រើរួច ប៉ុន្តែមានលក្ខណៈទំនើបជាង វាត្រូវបានគេប្រើពីឆ្នាំ១៨៥៣ ដើម្បីផលិតកាសដែលមានតម្លៃចរឹកតូច។ម៉ាស៊ីននេះ ត្រូវបានប្រជាជន សម័យនោះ ចាត់ទុកថា មាននាគចូលសណ្ឋិត ដែលជាវិញ្ញាណពោរពេញទៅដោយអំណាចវេទមន្តអស្ចារ្យ។

លោក នូ គួយ មគ្គុទេសនៃសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានឲ្យដឹងថា ម៉ាស៊ីននេះមានទម្ងន់ប្រហែល២តោន និងជាម៉ាស៊ីនសង្កត់ពុម្ពដែលមានអាយុកាលចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ ចំណែករូបថតនេះ ត្រូវបានថតទុកនៅឆ្នាំ១៩៦០ ដោយលោក Ch. Mayer។ បច្ចុប្បន្នម៉ាស៊ីនសង្កត់ពុម្ពនេះ ត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន កណ្តាលរាជធានីភ្នំពេញ។

ប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក Klaise Killian បានឲ្យដឹងថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ អាចចូលទស្សនាសារមន្ទីរព្រះស្រីឦសានវរ្ម័ន បានរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច ដើម្បីស្វែងយល់ពីរូបិយវត្ថុរបស់កម្ពុជា តាំងពីសម័យកាលហ្វូណន រហូតដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថាតាមប្រវត្តិ ព្រះបាទអង្គឌួង បានទទួលពិធីរាជាភិសេក នៅឧដុង្គ នាថ្ងៃទី៧ ខែមីនា ឆ្នាំ១៨៤៨ ក្នុងព្រះជន្មាយុ៥២ព្រះវស្សា។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្តើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំង បង្កើតស្ថាបន័ផ្នែកសង្គមកិច្ច ពោលគឺ ប្រជារាស្រ្តក្រីក្រ និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និងឆាន់ប្រចាំថ្ងៃ។ ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្តិភាព ក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានាសម្រាប់បង្រ្កាបចោរកម្ម និង បទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះបាទ អង្គឌួង បានបង្កើតតុលាការ សាលាឧទ្ធរណ៍ ហើយព្រះអង្គផ្ទាល់ជាអធិបតីលើតុលាការទី២នេះ។ ចាប់ពីឆ្នាំ១៨៥៣ បានចាប់ផ្តើមពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម។

ព្រះបាទអង្គឌួង បានឲ្យបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ ហើយនិងបានកែប្រែរាជការកិច្ចជាទូទៅ។ ព្រះអង្គចាប់ផ្តើមឲ្យសង់កំពែង និងផ្លូវគមនាគមន៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាឲ្យមន្រ្តីធ្វើកេណ្ឌប្រជាជនឲ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិកាពីឃ្លាំងរាជវាំងឲ្យកសាងផ្លូវថ្នល់ ដើម្បីឲ្យរាស្រ្តស្រែចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ៕

Facebook Comments
Loading...