មន្ទីរទេសចរណ៍ស្ទឹងត្រែង រៀបចំបណ្ណាល័យតម្កល់ទុកឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសឲ្យភ្ញៀវទេសចរទស្សនាជំនួសសត្វផ្សោតរស់

0
1272

ស្ទឹងតែង ៖ សត្វផ្សោតមេគង្គនៅ អន្លង់ឈើទាលនៃរមណីយ ដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិលខេត្តស្ទឹងត្រែង បានស្លាប់ម្តងមួយៗ មកដល់បច្ចុប្បន្ននេះនៅសល់តែមួយក្បាលប៉ុណ្ណោះ ហើយមន្ទីរទេសចរណ៍បាន រៀបចំឲ្យមានបណ្ណាល័យសម្រាប់ តម្កល់ទុកឆ្អឹងសត្វផ្សោត ដើម្បីបង្វែរទិសឲ្យភ្ញៀវទេសចរទស្សនាសំណាកឆ្អឹងសត្វផ្សោតជំនួសវិញ។

ក្នុងឱកាសចុះពិនិត្យសំណាកឆ្អឹងសត្វផ្សោតនៅរមណីយដ្ឋានអេកូទេចរណ៍សត្វផ្សោតឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ តុលា២០២១ លោក អ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖បើយើងមិនថែរក្សានិងអភិរក្សសំណាកឆ្អឹងសត្វផ្សោតនេះទេ រមណីយដ្ឋានទេសចរណ៍មួយនេះ នឹងឈានទៅបាត់បង់នៅថ្ងៃអនាគត។

លោកបន្តថា៖មន្ទីរគ្រោងថវិការបស់មន្ទីរនិងថវិកាដែលទទួលបានពីអង្គការដៃគូនិងសប្បុរសជននានា រៀបចំជាបណ្ណាល័យមួយទុកដាក់ឆ្អឹងសត្វផ្សោតនេះសម្រាប់ គាំទ្រដល់វិស័យទេចរណ៍ ដើម្បីថែរក្សានៅរមណីយដ្ឋានអេកូទេសចរណ៍មួយនេះឲ្យឋិតនៅគង់វង្សក្នុងការបម្រើជីវភាពដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ។

លោក ផយ វណ្ណាសមាជិកសហគមន៍រមណីយដ្ឋានទេសចរណ៍សត្វផ្សោតព្រះរំកិលបានគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយលោកនឹងប្រឹងប្រែងអនុវត្តតាមការណែនាំ និងអំពាវនាវបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋ និងប្រជាសហគមន៍នៅក្នុងឃុំនេះដើម្បីបរិ​ច្ចាគថវិកាខ្លះៗសម្រាប់យកមកទិញសម្ភារ ដូចជាកញ្ចក់សម្រាប់ដាក់ឆ្អឹងផ្សោតជាដើម។

លោកបន្តថា៖នេះជាសមិទ្ធផល ថ្មីផ្ដល់ផលប្រយោជន៍រួមទាំងអស់គ្នា នៅពេលដែលយើងរក្សាបាននូវសំណាកឆ្អឹងសត្វផ្សោត វាជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត នៅតំបន់នេះបាន ក្នុងពេលដែលសត្វផ្សោតក្នុងទឹក ត្រូវស្លាប់បាត់បង់អស់។

លោក កញ្ញា ថងបាង អាជីវករ លក់ចំណីអាហារនៅតំបន់រមណីយដ្ឋាននេះ បានទទួលស្គាល់ថា៖កាលពីដើមឆ្នាំ ២០២១ សត្វផ្សោតធំៗបានស្លាប់ចំនួនពីរក្បាល បច្ចុប្បន្ននៅតែមួយក្បាលប៉ុណ្ណោះ។

កញ្ញាថា៖ប្រជាសហគមន៍និងអាជ្ញាធរនៅតំបន់នេះ មានការព្រួយបារម្ភខ្លាចសត្វផ្សោតមួយក្បាលនេះស្លាប់បាត់បង់ទៀត ព្រោះនៅតំបន់ខាងលើអន្លង់ផ្សោត មានអ្នកនេសាទឡាវ មកដាក់មងសន្ទូច ជិតអន្លង់អភិរក្សសត្វផ្សោត។

កញ្ញាស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយមានវិធានការចំពោះអ្នកនេសាទផ្សេងៗដែលលួចលាក់ធ្វើនេសាទបង្កផលប៉ះពាល់ការរស់នៅដល់សត្វផ្សោត ជាពិសេសកន្លងមក កូនផ្សោតតូចៗកើតមករស់មិនបានយូរទេ មានអាយុកាលតែមួយខែឬ២ ខែប៉ុណ្ណោះអាចស្លាប់ទៅវិញ។

សូមបញ្ជាក់ថា៖ការរៀបចំឲ្យមានបណ្ណាល័យអភិរក្ស ឆ្អឹងសត្វផ្សោតនេះ ជាចំណែកមួយជួយថែរក្សានៅតំបន់អេកូទេចរណ៍សត្វផ្សោតព្រះរំកិលឱ្យមាននិរន្តរភាព ដើម្បីបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងឃុំព្រះរំកិលនេះកុំឲ្យបាត់បង់ ។ តំបន់អេកូទេចរណ៍មួយនេះបានបង្កើតឡើងជាង២០ ឆ្នាំមកហើយ ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការម្លប់បៃតង-អង្គការសេប៉ា- និងអាជ្ញាធរមូលដ្ឋានដែលបានផ្តួចផ្ដើមឡើង ក្រោមការជូយគាំទ្រពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង៕ ប្រភពវិទ្យុជាតិ

 

Facebook Comments
Loading...