មេខ្យល់ម្នាក់និងពលករចំនួន៧នាក់បំរុងលួចឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

0
449

បាត់ដំបង ដឹងហើយនៅតែបំពានមេខ្យល់ម្នាក់រួមនិងពលករចំនួន០៧នាក់ទៀតបំរុងលួចឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ត្រូវកម្លាំងសមត្ថកិច្ចវរសេនាតូចនគបាលការពារព្រំដែនលេខ៨១៧ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំង​យោធាវរសេនាតូច៥៣៣ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិសាស្ត្រក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជារការវរសេនាតូចនគបាលការពារព្រំដែនលេខ៨១៧ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន និងកម្លាំងយោធាវរសេនាតូច៥៣៣ ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន០៧នាក់ ក្នុងនោះស្រី០៤នាក់ និងឃាត់មុខសញ្ញានាំមនុស្សឆ្លងដែន(មេខ្យល់)ចំនួន០១នាក់ ឈ្មោះ យឹម-ជឿន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅ ក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប្រាក់ សាយ បានបញ្ជាក់បន្ថែមថាបន្ទាប់ពីបានសាកសួរធ្វើការអប់រំ ណែនាំរួច កម្លាំងជំនាញរបស់លោកបានប្រគល់ពលករខ្មែរទាំងអស់រួមទាំងមេខ្យល់អោយទៅកម្លាំងនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមនីតិវិធី៕

Facebook Comments
Loading...