មេខ្សល់ម្នាក់ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន ពេលដឹកពលករខ្មែរ៥នាក់តាមរថយន្តបំរុងឆ្លងដែនទៅប្រទេសថៃ

0
212

បន្ទាយមានជ័យ ៖ មេខ្សល់ម្នាក់ដឹកពលករខ្មែរ៥នាក់ ដោយយកម្នាក់៥០០បាតតាមរថយន្តបំរុងឆ្លងដែនទៅប្រទេសថៃពីស្រុកសំពៅលូន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តែត្រូវកម្លាំងសមត្ថកិច្ចចំរុះឃាត់ខ្លួនបាននៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថាជនសង្ស័យជាមេខ្យល់ឈ្មោះ ទូច សម្បត្តិ ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ឃាត់ខ្លួនពេលមេខ្យល់រូបនោះបានដឹកពលករតាមរថយន្តម៉ាកកាម៉ារី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ  2F-5584 ចំនួន៥នាក់ នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឆ្លងដែនទៅថៃរកការងារធ្វើត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ កម្លាំង នគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាសិករងស្រុកម៉ាឡៃ ធ្វើការឃាត់បានតែម្តង។

លោកបានបញ្ចាក់ទៀតថាតាមការបំភ្លឺរបស់ពលករទាំង៥នាក់ បានរៀបរាប់ថា ពួកខ្លួនត្រូវបានមនុស្សម្នាក់ខលតាមទូរស័ព្ទប្រាប់ឲ្យរងចាំបន្តិចទៀតមានរថយន្តមកដឹក ពេលនោះមានរថយន្ត១គ្រឿងបានមកដឹកពួកខ្លួនទាំង៥នាក់តាមការកំណត់ ពីស្រុកសំពៅលូន មកកាន់ស្រុកម៉ាឡៃ ដើម្បីឆ្លងដែនទៅប្រទេសថៃ ដោយក្នុង១នាក់ គេយកថ្លៃ៥០០បាត លុះមកដល់នៅចំណុចភូមិភ្នំរូង អ្នកបើកឡានឈប់បើកទ្វារឲ្យពួកពលកររត់ ប៉ុន្តែរត់រួចតែ២នាក់ ចំណែក៣នាក់ទៀតចេញពីឡានមិនរួច។

បើតាមចម្លើយ របស់មេខ្យល់បានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំង៥នាក់នោះមែន ដោយ១នាក់គេយកតម្លៃ៥០០បាត ពីស្រុកសំពៅលូន មកស្រុកម៉ាឡៃ និងបានបើកទ្វារឡានឲ្យពលកររត់នៅពេលឃើញសមត្ថកិច្ចពិតប្រាកដមែន។ បច្ចុប្បន្នជនជាមេខ្យល់ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...