បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកគោយន្តកែឆ្នៃដឹកទឹកកកកំពង់ថយក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

0
674

ស្វាយរៀង ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគោយន្តកែឆ្នៃដឹកទឹកកកកំពង់ថយក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង ៥និង១០នាទី​ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣១និង១៣២ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់ក្នុងហេតុការណ៍នេះឈ្មោះតុប សោមនោ អាយុប្រមាណជាង៣០ឆ្នាំ ចំណែកទីលំនៅមិនទាន់ស្គាល់នៅឡើយ ព្រោះជនរងគ្រោះមិនមានដាក់អត្តសញ្ញាណប័ណ្ណតាមខ្លួននោះទេ។ ចំណែកអ្នកបើកគោយន្តត្រូវបានស្គាល់ឈ្មោះ ទុំ យ៉ុង អាយុ៣៤ឆ្នាំ មុខរបរលក់ទឹកកក ជនជាតិខ្មែរ រស់នៅភូមិគ្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយបង្កហេតុបានរត់គេចខ្លួនភ្លាមៗ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ដែលមានមុខរបរដឹកទឹកកកបានថយគោយន្តពីត្បូងទៅជើងនៅលើផ្លូវជាតិលេខ១ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង១R-៩៧៤៣ បើកក្នុងទិសដៅពីកើតទៅលិច បានបុកចំពាក់កណ្តាល គោយន្តពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍បានមកដល់ ធ្វើកំណត់ហេតុនិងបានយកសាកសពមកតម្កល់ទុកនៅវត្តខ្ជាយដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង សមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោលដើម្បីដោះស្រាយតាមច្បាប់នាពេលក្រោយ៕

Facebook Comments
Loading...