រថយន្តឡិចស៊ីសរេចង្កូតទៅបុកម៉ូតូបើកបញ្ច្រាសគ្នាបណ្តាលឲ្យស្លាប់បុរសចំណាស់ម្នាក់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ

0
296

ស្វាយរៀង ៖ រថយន្តឡិចស៊ីសរេចង្កូតទៅបុកម៉ូតូបើកបញ្ច្រាសគ្នាស្លាប់បុរសចំណាស់ម្នាក់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះទិត សាប៊ូ អាយុ៦៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខស្វាយរៀង១L-៨០១៣ រងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះហែន នឿន ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិបុស្ស ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌សលាយខ្មៅ ពាក់ស្លាកលេខស្វាយរៀង២B-១៣១២ បើកពីត្បូងទៅជើងដោយប្រើប្រាស់ល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកម៉ូតូជនរងគ្រោះ ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តបង្កហេតុត្រូវបានសមតក្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍។ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ត៏រដ្ឋបាលឃុំខ្សែត្រដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

Facebook Comments
Loading...