ជាងភ្លើងម្នាក់​ឈប់​សម្រាកពីការងារ១ថ្ងៃផឹកស្រាស្រវឹង​ដេក​នៅ​លើ​ផ្លូវដែក ​ត្រូវ​​រថភ្លើង​កិន បណ្តាល​ឱ្យដាច់ដៃជើង​​ស្លាប់ទាំងយប់

0
2235

ភ្នំពេញ ​៖ ជាងភ្លើងម្នាក់​ឈប់​សម្រាកពីការងារ១ថ្ងៃផឹកស្រាស្រវឹង​ដេក​នៅ​លើ​ផ្លូវដែក ​ត្រូវ​​រថភ្លើង​កិន បណ្តាល​ឱ្យដាច់ដៃជើង​​ស្លាប់ទាំងយប់ ដែលហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​- កំពត ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៤៦៥​ម៉ែត្រ​ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ​សុខា សោ​ភ័​ណ្ឌ ភេទប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​ភ្លើង​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ផ្ទះល្វែង មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​មោង ស្រុក​មោង ខេត្តបាត់ដំបង និង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ភូមិ​ពូ​រ៉ា​ប៉េ​ត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី​។

បើ​តាម​កម្មករ​សំណង់​ដែល​ធ្វើការ​ជាមួយ​បុរស​រងគ្រោះ​បាន​​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា មេការ​បាន​ឲ្យ​ឈប់​សម្រាក​ ព្រោះតែ​ភ្លៀង​ជាប់​រហូត​ ធ្វើការ​អត់​កើត ហើយ​បុរស​រង​គ្រោះ​រូប​នេះ​ក៏​បាន​ផឹកស្រា​រហូត​ស្រវឹង​យ៉ាង​ជោគ​ជាំ លុះដល់​វេលា​ម៉ោង​ប្រហែល​៧​យប់​ថ្ងៃ​ដដែល បាន​បបួល​មិត្តភក្តិ​រួមការ​ងារ​ដើរ​ចេញពី​ការដ្ឋាន​សំណង់​ដើម្បី​ដើរ​លេង​ ប៉ុន្តែ​អត់​មាន​នរណា​ចេញ​ទៅ​ជាមួយ​ឡើយ​។តាម​ប្រភពដដែលបានបន្ត​ថា ​បន្ទាប់មក​​មិត្តភក្តិ​ទាំងអស់​បាន​នាំ​គ្នា​ចូល​ដេក​យក​កម្លាំង​រៀង​ៗ​ខ្លួន ​ខណៈនោះ​បុរស​ខាងលើ​ក៏​បាន​ដើរ​ចេញ​តែ​ម្នាក់ឯង ​ហើយ​ក៏​បាន​បាត់​ខ្លួន​រហូត​តែ​ម្ដង​ មិនឃើញ​ត្រឡប់​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​វិញ​ឡើយ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៩​​ខែកញ្ញា​ ទើប​ប្រទះ​ឃើញ​សព​ដាច់​ដៃ​ដាច់​ជើង​នៅ​តាម​ផ្លូវដែក​បែប​នេះ​ទៅ​វិញ​។

អ្នក​ភូមិ​បាន​និយាយ​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ពួក​គាត់​បានឃើញ​បុរស​រងគ្រោះ​ដើរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ដើរទ្រេតទ្រោត​​ទៅ​អង្គុយ​នៅ​លើ​ផ្លូវដែក​ត្រង់​ចំណុច​កើតហេតុ​នោះ ក្រោយមក​សង្ស័យ​ថា ​បុរសរងគ្រោះ​ដេក​នៅ​លើ​ផ្លូវដែក ហើយ​នៅ​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកញ្ញា មាន​រថភ្លើង​១​ខ្សែ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​(​ពី​ខេត្តកំពត​ចូល​រាជធានី​ភ្នំពេញ​)។

​តាម​ប្រភពដដែលបានបន្ត​ថា លុះដល់​វេលា​ម៉ោង​ជា​៥​ព្រឹក​ថ្ងៃ​ដដែល​មាន​រថភ្លើង​ដឹក​ប្រេង​១​ខ្សែ​ទៀត​បើកបរ​ធ្វើ​ដំណើរ​មក​ពី​ខេត្តកំពត​ចូល​រាជធានី​ភ្នំពេញ​ដែរ ហើយ​ពុំ​ដឹង​ថា​តើ​រថភ្លើង​ខ្សែ​មុន​ឬ​ខ្សែ​ក្រោយនោះ​​ទេ​ដែល​កិន​បុរស​​រងគ្រោះ​ បណ្ដាល​ឲ្យ​​បាត់បង់ជីវិត​បែប​នេះ​។ រហូត​ដល់​វេលា​ម៉ោ​ង​៦​ព្រឹក​ថ្ងៃ​ដដែល​ ទើប​មាន​កម្មករ​១​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​រោងចក្រ​ឆ្លងកាត់​ទីនោះ​បាន​ប្រទះ​ឃើញ​សព​ និង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​និង​ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​។ ​ក្រោយ​ទទួល​បាន​ដំណឹងខាងលើ​​នេះ​ភ្លាម អាជ្ញាធរ​និង​នគរបាល​ប៉ុស្តិ៍​កន្ទោក​និង​ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ​ហើយ​បាន​ដាក់​ការ​សង្ស័យ​ថា​ បុរស​នេះ​ដេក​នៅ​លើ​ផ្លូវដែក ​ទើបត្រូវ​​រថភ្លើង​កិន បណ្តាល​ឱ្យ​​បាត់បង់ជីវិត​ ហើយ​នគរបាល​បាន​ទាក់​ទង​ទៅ​កាន់​ក្រុម​គ្រួសារ​ដើម្បី​​មកទទួល​យកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕​

Facebook Comments
Loading...