អ្នកយកព័ត៌មានCBN TV ម្នាក់ជិះម៉ូតូសុខៗស្រាប់តែត្រូវគេលួចវាយនឹងវត្ថុរឹងចំក្បាល ដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

0
6805

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកយកព័ត៌មានអង្គភាព CBN TV ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែត្រូវគេលួចវាយនឹងវត្ថុរឹងចំក្បាល បណ្ដាលឲ្យដួលស្លាប់ភ្លាមៗ សង្ស័យករណីឃាតកម្ម កាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ តាមផ្លូវបេតុងខាងមុខរោងចក្រជូឌឺមអាយ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពរងគ្រោះមានឈ្មោះ គួយ ពិសិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន CBN ទូរស្សន៍អនឡាញ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រុកកំណើតភូមិតាឡុង ស្រុកចម្ការលើ ខេត្តកំពង់ចាម។

សម្ភារៈបន្សល់នៅកន្លែងកើតហេតុ មានកាតាបស្ពាយចំនួនមួយ និងទូរស័ព្ទមួយគ្រឿង ម៉ាក VIVO និងកាតសម្គាល់ខ្លួនអង្គភាពព័ត៌មាន CBN TV របស់ជនរងគ្រោះ, មួកការពារសុវត្ថិភាពចំនួន២ (ពណ៍ខ្មៅ១, ពណ៍ស១), មួកកន្តឹបអក្សរអង់គ្លេស Pedro ពណ៍សមានឆ្នូតខាងមុខ ពណ៍ខ្មៅ ចំនួន១, ឈើជ្រុងមួយកំណាត់ ប្រហែល៣ចង្អាម, ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-1507។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-1507 តាមបណ្ដោយផ្លូវបេតុងខាងលើ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះដេញតាមមកពីក្រោយ ក្នុងល្បឿនលឿន មួយសន្ទុះក៏ស្ងាត់ទៅវិញ។

ប្រភពបន្តទៀតថា ពេលគាត់ចេញមកមើលស្រាប់តែឃើញបុរសខាងលើ បែកក្បាលស្លាប់ក្នុងថ្លុកឈាមរួចហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុតែម្ដង។ មហាជនចាំមើលតើសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ មានស្នាដៃបំបែកសុំណំរឿងនេះ បានដោយរបៀបណា?។

បច្ចុប្បន្ន សពបុរសខាងលើ រង់ចាំខាងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យរួច និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...