បើករថយន្តបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

0
15345

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូទៅយកម៉ូទ័រស្វានត្រឡប់មកកន្លែងវិញត្រូវរថយន្តមួយគ្រឿងបើកបត់ខ្វះការប្រុងប្រយ័ត្នបុកពេញទំហឹងបណ្តាលឲ្យអូសប្រហែលជាង១០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នឹង២០ រសៀលថ្ងៃទី ២២ ខែសីហាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦កែងផ្លូវចូលទៅឆៀកយានយន្ត(ចន្លោះស្ពានលេខ៣និងលេខ៤) ក្នុងភូមិបាក់ខែងលើ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះគីម ហេង អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាមស្នាក់នៅធ្វើគ្រឿងចក្រនៅម្តុំស្ពានលេខ១ ក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានយុវជនម្នាក់ជិះម៉ូតូម៉ាកធូដេពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HL 6599 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូចម៉ាកហ៊ីយ៉ានដាយពណ៌សពាក់ស្លាកលេខភ្នំពេញ2X 8591បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងហើយក៏បត់ឆ្វេងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកនិងម៉ូតូពេញទំហឹងអូសប្រហែល១០ម៉ែត្របណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្កព្យាយាមបើករត់គេចខ្លួនបានប្រហែល ២០ម៉ែត្រតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រម៉ោល ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការរាជធានីភ្នំពេញចុះធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកឯសពជនរងគ្រោះក្រោយធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Facebook Comments
Loading...