ឡុង សំណាង ជួបឈាន ហុង ខណៈផាន រះ ឡើងសាកកណ្តាប់ដៃនិងរិន សារ័ត្ន

0
7493

ភ្នំពេញ ៖ នា​ចុងសប្តាហ៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ កីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា​ ត្រូវគេផ្គូរផ្គងឲ្យឡើងតតាំងជួបជាមួយកីឡាករឈាន ហុង អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ខណៈកីឡាករផាន រះ អ្នកប្រដាល់មកពីក្លិបតាព្រហ្មមានជ័យ ជួបសាកកណ្តាប់ដៃនិងកីឡាកររិន សារ័ត្ន អ្នកប្រដាល់នៃក្លិបទីបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅលើ​សង្វៀន​ស៊ីអិនស៊ី។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង ជួបជាមួយកីឡាករឈាន ហុង ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ បច្ចប្បន្នឡុង សំណាង បានខិតខំប្រឹងប្រែងហ្វឹកហាត់ជាខ្លាំងដើម្បីសាកវិជ្ជាគុនជាមួយកីឡាករមិត្តរួមជាតិ។ ស្នៀត​ខ្លាំងរបស់ឡុង សំណាង គឺកណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ហើយគេប្រើបានល្អទៀតផង។

ចំណែកកីឡាករឈាន ហុង បន្ទាប់ពីបាត់មុខមួយរយៈដោយសារបួសមក ពេលនេះគេបានឡើងប្រកួតបានប្រមាណជា៣ប្រកួតហើយ។ បើទោះជាឈាន ហុង ខានប្រកួតយូក្តីតែវិជ្ជាគុនរបស់គេអាចប្រើបានដូចមុន ទាស់មិនទាន់រហ័ស និងមានកម្លាំងស៊ុហ្វខ្លាំងដូចមុននោះឡើយ។ ចាំមើលរវាងកីឡាករឈាន ហុង និងកីឡាករឡុង សំណាង នរណាជាអ្នកឈ្នះ?។

ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាកររិន សារ័ត្ន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺរិន សារ័ត្ន មានភាគរយឈ្នះច្រើនជាង ព្រោះកីឡាករផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។

ចំណែកកីឡាករពូកែខាង​ប្រើ​កណ្តាប់ដៃនិងជង្គង់ រិន សារដ្ឋ បច្ចប្បន្នគេក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែរ ​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះ​រូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀតផង​។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាក​រ​រិន សារដ្ឋ ថា​គេ​ជា​កីឡា​ករ​ដែល​មាន​សក្តា​នុពល​ ហើយ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលកីឡាកររិន សា​រដ្ឋ និងកីឡាករផាន រះ នេះនណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...